(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អេង ទូច សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់អូរកន្ធរចំនួន៥០០នាក់។
ឯកឧត្តម អេង ទូច បានសម្ដែងនូវការអបអរសាទរចំពោះបងប្អូនទាំងអស់ ពិសេសយុវជន ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាប្រមូលជាកម្លាំងបន្ថែម ក្នុងការការពារសមិទ្ធផលសង្គមជាតិ និងការកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យរឹងមាំ រីកចម្រើនជឿនលឿនទៅមុខ។
ឯកឧត្តម អេង ទូច ក៏បានលើកឡើងអំពីគោលបំណង ឧត្តមគតិ ទស្សនៈនយោបាយ និងអត្តសញ្ញាណដើមរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយធ្វើសកម្មភាពដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ និងឈរនៅខាងប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។
ឯកឧត្តម អេង ទូច ក៏បានលើកឡើងជូនសមាជិកសមាជិកាថ្មីទាំងអស់បានជ្រាបផងដែរ អំពីយុទ្ធសាស្រ្តនិងផែនការអភិវឌ្ឍវិស័យមួយចំនួន ដែលបានដាក់ចេញដោយក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមានឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ជាប្រធាន សំដៅសម្រេចនូវចក្ខុវិស័យ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ។




