គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២


គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២
ចំណុចទី១: ជាឃុំ សង្កាត់ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសិទ្ធិសេរីភាពរបស់ប្រជាជន គ្រប់ៗរូប ប្រជាជនបានរស់នៅដោយសុខដុមរមនាគ្មានការបែងចែកអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿសាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គម
បេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់
– សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា ជាបុគ្គល ដែលមាន សមត្ថភាព មានអាកប្បកិរិយាថ្លៃថ្នូរ ស្អាតស្អំ មិនរើសអើង មានការគោរពស្រលាញ់ និងជឿជាក់ ពីប្រជាជននៅមូលដ្ឋាន។
– លើកទឹកចិត្តដល់ជនជាតិដើមភាគតិច ឲ្យឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឃុំ សង្កាត់ដែរមានជនជាតិដើមភាគតិច។
ស្វ័យភាព និងសិទ្ធិអំណាចរបបស់ក្រុមប្រឹក្សាឃុំ សង្កាត់
ក្រុមប្រឹក្សាឃុំ សង្កាត់ទទួលបានសិទ្ធិអំណាច មុខងារ និងថវិកាកាន់តែច្រើនដើម្បីម្ចាស់ការក្នុងការធ្វើ សេចក្តីសម្រេចចិត្ត ចាត់ចែង និងដោះស្រាយបញ្ហានានាឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន។
ការចូលរួម ការពិគ្រោះយោបល់ និងការផ្តល់ព័ត៌មាន
– ប្រជាជនមានសិទ្ធិទទួលបានព័ត៌មានជាក់លាក់អំពីការប្រើប្រាស់ថវិកា ការចាត់ចែងទ្រព្យ សម្បត្តិ និងការបំពេញការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ តាមរយៈយន្តការផ្តល់ព័ត៌មានដែលមានភាព សាមញ្ញ ងាយយល់និងច្បាស់លាស់។
– ប្រជាជនមានភាពពេញលេញក្នុងការបញ្ចេញមតិយោបល់ ការចូលរួមរៀបចំ អនុវត្ត និង តាមដានត្រួតពិនិត្យលើផែនការ ការប្រើប្រាស់ថវិកា ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
– ពង្រឹង និងលើកកម្ពស់គណនេយ្យភាព កិច្ចសហប្រតិបត្តិការនៅក្នុងចំណោមសមាជិក ក្រុម ប្រឹក្សាឃុំ សង្កាត់ដែលបានមកពីគណបក្សនយោបាយផ្សេងៗគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ សំណើសំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ។
កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្មក្នុងសង្គម
– លើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការផ្តល់សេវាសាធារណៈ ការផ្តល់ផលប្រយោជន៍នានាពីការអភិវឌ្ឍ និងការផ្តល់នូវកិច្ចគាំពារផ្នែកសង្គមប្រកបដោយសមធម៌ ជូនដល់ គ្រប់ក្រុមប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
– ក្រុមប្រឹក្សាឃុំ សង្កាត់ លើកកម្ពស់ការផ្សព្វផ្សាយ និងការអប់រំប្រជាពលរដ្ឋអំពីផល ប្រយោជន៍នៃការរួបរួម និងការរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយគ្នា។
– ពង្រឹងសុខដុមនីយកម្មជំនឿ និងសាសនាផ្សេងៗគ្នានៅមូលដ្ឋានលើកកម្ពស់តម្លៃសីលធម៌ និងគ្រួសារ៕