អភិបាលខេត្តកំពង់ធំ កោះប្រជុំបន្ទាន់ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ


អភិបាលខេត្តកំពង់ធំ កោះប្រជុំបន្ទាន់ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ

នៅរសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមន្ត្រីក្រោមឱវាទជាច្រើនរូប បានធ្វើការកោះប្រជុំបន្ទាន់ ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីពង្រឹងការងារទប់ស្កាត់បទល្មើសព្រៃឈើ ដែលតែងតែកើតមានឡើងកន្លងមក ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសង្កត់ធ្ងន់ៗដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវខិតខំធ្វើការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ទាន់ពេលវេលា បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងការទប់ស្កាត់បទល្មើសនានាឲ្យខាងតែបាន ទោះបីការប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើតាមរូបភាពណាក៏ដោយ ត្រូវបន្តធ្វើការងារនេះដូចភ្លៀងរលឹម មិនឲ្យឈ្មួញដែលរកស៊ីមួយចំនួនតូច រួចខ្លួននោះទេ ។ ឯកឧត្តម បន្តទៀតថា កម្លំាងមន្ត្រីរដ្ឋបាលព្រៃឈើ គឺជាកម្លំាងសំខាន់ណាស់ ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនេះ ដោយមានការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅគ្រប់មូលដ្ឋាន មិនឲ្យមានការកើតឡើងនៅការកាប់រុករានដីព្រៃសម្បទានរបស់រដ្ឋគ្រប់ទីកន្លែងទៀតទេ ដូច្នេះយើងទំាងអស់គ្នា ត្រូវតែប្តេជ្ញារួមគ្នាធ្វើកិច្ចការនេះប្រកបដោយប្រសិទ្ធភាព ជាពិសេសចំពោះមន្ត្រីមួយចំនួនតូច ដែលមានការពាក់ព័ន្ធក្នុងរឿងបទល្មើសទំាងនេះ ត្រូវឈប់ជាបន្ទាន់ ។

ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត បានជំរុញឲ្យលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចងក្រងចុះធ្វើបច្ចុប្បន្នភាពសហគមន៍ព្រៃឈើឡើងវិញ ដោយធ្វើការចុះបញ្ជីឲ្យបានត្រឹមត្រូវច្បាស់លាស់ កំណត់ទីតំាង ទំហំផ្ទៃដីពិតប្រាកដ ជៀសវាងប្រធានសហគមន៍មួយចំនួនតូច លួចកាប់ដីព្រៃសហគមន៍ លក់ឲ្យឈ្មួញជាដាច់ខាត ។

លោក ប៊ុន សុធី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើស្តីទីខេត្តកំពង់ធំ បានលើកឡើងអំពីសហគមន៍ព្រៃឈើនៅខេត្តកំពង់ធំ មានចំនួន ៨៧កន្លែង លើផ្ទៃដីសរុបចំនួន ៨៤,៩៤២ ហិចតា ស្ថិតនៅក្នុង៧ស្រុក និងបានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនផងដែរ ៕

photo_2018-02-06_15-15-47 photo_2018-02-06_15-15-50photo_2018-02-06_15-15-49 photo_2018-02-06_15-15-50 (2)  photo_2018-02-06_15-15-51 photo_2018-02-06_15-15-53