អ្នកនាំពាក្យបក្សកាន់អំណាច លើកឡើងថាតើអ្នកណាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា?
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នៅប៉ុន្មានថ្ងៃកន្លងមកនេះ ចៅហ្វាយនាយ និងអាយ៉ងនៅក្រៅប្រទេស បានរៀបចំបញ្ជីឈ្មោះមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាដើម្បីគេថាយកទៅដាក់ទណ្ឌកម្មរឹបអូសទ្រព្រសម្បត្តិ និងលុយកាក់នៅឯបរទេសដោយសារគេចោទថាជាអ្នកសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ តើតាមការពិត អ្នកណាជាអ្នកបំផ្លាញ និងចង់សម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ?
លោក សុខ ឥសាន បានបញ្ជាក់ថា មានតែមេក្លោង និងអាយ៉ង ដែលធ្វើបដិវត្តន៍ពណ៌នោះទេដែលចង់បំផ្លាញ និងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដោយសារការធ្វើបដិវត្តន៍ពណ៌នេះហើយគឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ចង់បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជនកម្ពុជា។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ក៏បានគូសបញ្ជាក់ថា ការផ្តាច់ជំនួយចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើឱ្យមានកង្វះខាតថវិកាសម្រាប់រៀបចំការបោះឆ្នោត នេះហើយគឺជាចេតនាចង់រារាំងដល់ដំណើរការបោះឆ្នោតមិនឱ្យប្រព្រឹត្តទៅដោយរលូន និងប្រជាធិបតេយ្យ ហើយពួកគេនឹងចោទថាការបោះឆ្នោតមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌។ ការផ្តាច់ជំនួយ គ.ជ.ប គឺជាការចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាក់ស្តែងណាស់។ ការធ្វើសកម្មភាពទាំងឡាយដែលជាឧបសគ្គដល់ដំណើរការលទ្ធិប្រជាធិបតេយ្យគឺសុទ្ធតែជាការចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសម្លាប់ប្រជាធិបតេយ្យ។
លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា ការចាត់មវិធានការតាមផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើជនល្មើស និងក្រុមជនល្មើសដែលរំលោភច្បាប់ជាពិសេសជន និងក្រុមជនដែលបានឃុបឃិតជាមួយរដ្ឋាភិបាលបរទេសពីបទក្បត់ជាតិដែលបានបង្កអំពើប្រទូសរ៉ាយដល់សន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខរុងរឿងរបស់ប្រជាជនគឺជាការពង្រឹងនីតិរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងជីវភាពរស់នៅដ៏សុខសុភមង្គលរបស់ប្រជាជន គឺមិនឱ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដូចពីអតីតកាលជាដាច់ខាត។
លោក សុខ ឥសាន បានធ្វើការសន្និដ្ឋានថា មានតែគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ដែលជាអ្នកការពាលទ្ធិប្រជាធិបតេយ្យ ការពារនីតិរដ្ឋ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារសន្តិភាព ការពារជីវភាពរស់នៅដ៏សុខសាន្តនិងផ្តល់នូវសុភមង្គលជូនដល់ប្រជាជនកម្ពុជាតរៀងទៅ៕

27544624_553176891729990_1264663225316205151_n