សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញបិទសន្និសីទជាតិ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបិទសន្និសីទជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត»

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នឹងអញ្ជើញជាអធិបតីបិទសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត»។

សន្និសីទជាតិនេះត្រូវបានបើកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។ សន្និសីទជាតិដ៏មានសារៈសំខាន់មួយនេះ មានអ្នកចូលរួមជាង ២,៧០០នាក់ ដែលជាសមាជិក គ.ជ.អ.ប, រដ្ឋមន្ដ្រី ប្រធានស្ថាប័នពាក់ព័ន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់។

សន្និសីទជាតិនេះ មានគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលនានា នៃការអនុវត្តន៍គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលសម្រេច បានក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមក និងផ្ដល់ឱកាសឱ្យមានការជជែកពិភាក្សាលើមេរៀនបទពិសោធន៍ បញ្ហាប្រឈម និងទិសដៅរយៈពេលវែងទៅអនាគតនៃកំណែទម្រង់នេះ ព្រមទាំងពិភាក្សាលើផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលចុងក្រោយ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាល៕

28276508_560663557647990_7787493498136805479_n