ការដោះស្រាយវិវាទដីធ្លី ដែលកំពុងមានទំនាស់ក្នុងខេត្តកំពង់ធំ


ថ្នាក់ដឹកនាំក្រសួងរៀបចំ នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំខេត្តកំពង់ធំ ជម្រុញឲ្យភាគីពាក់ព័ន្ធទំាងអស់ត្រូវសហការគ្នាដោះស្រាយបញ្ហាដីធ្លីប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម ទា ច័ន្ទលីដា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ស្រដៀងគ្នាលើកឡើងថា ដើម្បីឲ្យការដោះស្រាយវិវាទដីធ្លី ដែលកំពុងមានទំនាស់ក្នុងខេត្តកំពង់ធំ យើងមិនត្រូវអង្គុយបក់ផ្សែងភ្លើងនោះទេ គឺយើងត្រូវនាំគ្នាពន្លត់ភ្លើងទំាងអស់គ្នា ដូច្នេះសូមលោកអភិបាលស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តធ្វើកិច្ចការនេះ ត្រូវសហការ និងមានយន្តការរួមគ្នា ដើម្បីដោះស្រាយការងារនេះ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សា និងដោះស្រាយវិវាទដីធ្លី ក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន។

ក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ឯកឧត្តម ទា ច័ន្ទលីដា និង ឯកឧត្តម សុខ លូ បានជម្រុញដល់មន្ត្រីជំនាញទំាងអស់ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំធ្វើការងារនេះ ដោយធ្វើការស្រាវជ្រាវរកនូវបញ្ជាឲ្យបានច្បាស់លាស់ ត្រួតពិនិត្យស្ថានភាពជាក់ស្តែង ត្រូវប្រមូលបញ្ជីរាយនាមពីគ្រួសារណា ដែលបានដោះស្រាយរួច គ្រួសារណាដែលមិនទាន់បានដោះស្រាយរួច ដើម្បីជាមូលដ្ឋានក្នុងការសិក្សាដោះស្រាយបញ្ហានេះបន្ថែមទៀត ក្នុងនោះ មន្ត្រីនៃមន្ទីរ រៀបចំដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវពន្លឿនក្នុងការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានឆាប់រហ័ស ដើម្បីឲ្យពួកគាត់ទទួលបានប័ណ្ណកម្មសិទ្ធិដោយស្របច្បាប់ ដោយអនុវត្តស្របតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា។ ហេតុនេះហើយបានជាសម្តេចតេជោ ហ៊ុន សែន ខិតខំពុះពារសំដៅធ្វើយ៉ាងណា ឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះ រស់នៅប្រកបដោយសុខមាលភាព សុវត្ថិភាព ស្ថេរភាពនៅក្នុងសង្គម។

ឯកឧត្តមបន្ថែមទៀតថា បញ្ហាទំនាស់ដីធ្លី តែងតែកើតមានស្ទើរគ្រប់ទីកន្លែង រហូតមានការប្តឹងផ្តល់គ្នាទៅវិញទៅមក ដោយសារការកាប់ឆ្ការរុករានដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ ត្រង់ចំណុចនេះ សូមភាគីដែលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ កុំឲ្យកើតមានបញ្ហានេះតទៅទៀត ត្រូវរួមគ្នាដោះស្រាយបញ្ហាដីធ្លីប្រកបដោយប្រសិទ្ធភាព បងប្អូនមានបញ្ហាអ្វីដែលកើតឡើង គប្បីរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដែលជាម៉ែ ជាឪ កុំធ្វើអ្វីមួយប្រថុយប្រថាន នាំគ្រោះថ្នាក់ និងនាំឲ្យប៉ះពាល់ដល់ផ្នែកច្បាប់៕

photo_2018-03-20_08-45-32 photo_2018-03-20_08-45-34 photo_2018-03-20_08-45-35 (2) photo_2018-03-20_08-45-35

photo_2018-03-20_08-45-36 photo_2018-03-20_08-45-38 photo_2018-03-20_08-45-39 photo_2018-03-20_08-45-40