ឯកឧត្តម បណ្ឌិត ងួន ញ៉ិល ផ្តល់ផ្ទះ ៥ ខ្នង ជូនជនរងគ្រោះដោយសារភ្លើងឆេះ


ព្រឹកថ្ងៃព្រហ្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៨ នៅបរិវេណវត្តត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីពិធីប្រគល់ផ្ទះថ្មីចំនួន ០៥ខ្នង ជូនប្រជាជនរងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុងក្នុងពេលកន្លងមក នៅក្នុងខេត្តកំពង់ធំ ដែលជាការឆ្លើយតបតាមការស្នើសុំរបស់ជាជន ទាំង៥គ្រួសារនោះ ។
លោក ហាក់ ម៉ុងហ៊ួត អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ បានអញ្ជើញមាន ប្រសាសន៍ស្វាគមន៍ ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងមិនអាចបំភ្លេចបាន ក្នុងនាមប្រជាជននៅក្នុងស្រុកបារាយណ៍ ចំពោះទឹកចិត្តសប្បុរសដ៏ធំធេងរបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដែលតែងតែជួយឧបត្ថម្ភដល់អាជ្ញាធរ និងប្រជាជន នៅក្នុងស្រុកបារាយណ៍នេះ ក៏ដូចក្នុងខេត្តកំពង់ធំទាំងមូល។ ជាក់ស្តែងនៅក្នុងស្រុកបារាយណ៍យើង ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានចូលរួមយ៉ាងសកម្មក្នុងការកសាងសមិទ្ធផលយ៉ាងច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលសរុបជាថវិកាចំនួនជាង ១៣៨លានរៀល និងជាង២៥ម៉ឺនដុល្លារអាមេរិក ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាជន ដោយបានបញ្ជាក់ជូនថា ពេលនេះយើងធ្វើពិធីប្រគល់ផ្ទះ ចំនួន៥ខ្នង តាមការស្នើសុំរបស់ប្រជាជនដែលរងគ្រោះដោយអគ្គីភ័យគឺ ៣ខ្នងនៅក្នុងភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ១ខ្នងនៅក្នុងឃុំក្រយា ស្រុកសន្ទុក និង១ខ្នងទៀតនៅក្នុងឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ឱ្យដឹងទៀតថា ផ្ទះទាំង ៥ខ្នងនេះ សង់អំពីបេតុង មានទំហ៊ំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ត្រូវចំណាយថវិកាក្នុង១ខ្នង ចំនួន ៥.៥០០ ដុល្លាអាមរិក សរុបទាំង៥ខ្នងចំណាយថវិកាអស់ចំនួន ៣៧.៨៣០ដុល្លារអាមរិក រួមទាំងការចំណាយលើការផ្តល់ជូននូវសម្ភារៈប្រើប្រាស់គ្រប់យ៉ាង និងស្បៀងអាហារទៀតផង ។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនផងដែរ ការផ្តល់ជូនផ្ទះនេះ គឺមិនមែនទើបតែមាន៥ខ្នងនេះទេ ពីមុនមក ឯកឧត្តមបណ្ឌិត ក៏ធ្លាប់បានផ្តល់ជូនដល់ប្រជាជន នៅមូលដ្ឋានផ្សេងទៀតនៃខេត្ត កំពង់ធំនេះ ផងដែរ ។
ក្នុងនាម ឯកឧត្តមបណ្ឌិត ជាថ្នាក់ដឹកនាំរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័នកំពូលរបស់ជាតិ ដែលកើតឡើងដោយការបោះឆ្នោតដោយផ្ទាល់របស់ប្រជាជននោះគឺ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានជម្រាបជូនពីតួនាទី ភារៈកិច្ច និងលទ្ធផលការងារដែលរដ្ឋសភា សម្រេចបានក្នុងពេលកន្លងមក និងការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់ប្រទេសជាតិយើងទាំងមូល ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានជម្រាបជូនពីការវិវត្តន៍សភាពការណ៍សំខាន់ៗ និងបានកើតឡើងថ្មីៗរបស់ពិភពលោកទាំងមូលផងដែរ ។

29791066_935249903307588_7892112670691333447_n29694683_935249976640914_8509562821079878507_n 29694933_935250079974237_4739157783966074098_n 29790829_935250029974242_9192286482860847704_n  29792952_935249953307583_8648285472933458446_n 30126935_935250003307578_3475834790868489085_n 30221641_935250056640906_5127383095609157551_n