ឯ.ឧ សុខ លូ បានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ប្រមាណជាង ១ពាន់នាក់


អភិបាលខេត្ត កំពង់ធំ អំពាវនាវដល់លោកគ្រូ អ្នកគ្រូ ប្រមាណជាង ១ពាន់នាក់ ចូលរួមអនុវត្តកំណែទម្រង់លើវិស័យអប់រំ និងថែរក្សាសុខសន្តិភាព

ដោយរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ទទួលបានភាពជោគជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ២កន្លែងផ្សេងៗគ្នា គឺពេលព្រឹកនៅស្រុកសណ្តាន់ និងពេលរសៀល នៅស្រុកប្រាសាទសំបូរ ព្រមទាំងបានថ្លែងអំណគុណ ទៅកាន់លោកគ្រូ អ្នកគ្រូ ប្រមាណជាង ១ពាន់ ដែលអញ្ជើញមកពីស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ ដែលបានលះបង់កម្លាំងកាយ កម្លំាងចិត្ត ក្នុងការអប់រំសិស្សានុសិស្សប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ឯកឧត្តម បានថ្លែងអំណគុណយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ១.១៣៦នាក់ ក្នុងនោះមកពីស្រុកសណ្តាន់ ចំនួន ៥៥៦នាក់ និងស្រុកប្រាសាទសំបូរ ចំនួន ៥៨០នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ។

ឯកឧត្តមបន្តទៀតថា លោកគ្រូ អ្នកគ្រូ គឺជាអ្នកមានគុណ ដែលធ្វើការអប់រំបណ្តុះបណ្តាល បង្កើននូវធនធានមនុស្ស គ្រប់ទីកន្លែង ដែលធ្វើឲ្យមនុស្សគ្រប់មជ្ឈដ្ឋាននៅក្នុងសង្គម បានផ្តល់តម្លៃថា មាតា បិតា ទី២ មានគុណនបការៈ មិនអាចកាត់ថ្លៃបាន។ ហើយលោកគ្រូ អ្នកគ្រូ ទាំងអស់ គឺជាអ្នកសាបព្រោះនូវចំណេះដឹង និងចំណេះធ្វើគ្រប់បែបយ៉ាង បើគ្មានលោកគ្រូ អ្នកគ្រូ នោះទេ យើងហាក់ដូចជាគ្មានអ្វីៗទាំងអស់ ដោយយល់ឃើញដូច្នេះហើយ ទើបរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ លើការសាងសង់នូវសមិទ្ធផលជាច្រើនក្នុងវិស័យអប់រំ ជាវិស័យអាទិភាពមួយ។ ទន្ទឹមនេះរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់លើកម្រឹតជីវភាពរស់នៅរបស់លោកគ្រូ អ្នកគ្រូ តាមរយៈការតម្លើង ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ។

ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា តាមរយៈការបណ្តុះបណ្តាលរបស់លោកគ្រូ អ្នកគ្រូ គ្រប់កម្រឹត ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា បានធ្វើឲ្យប្រទេសកម្ពុជាយើង សំបូរទៅដោយអ្នកមានចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងអភិវឌ្ឍន៍ប្រទេសជាតិ ស្ថិតនៅក្រោមរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមដំបូលដឹកនាំប្រកបដោយសុខសន្តិភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការដឹកនាំប្រទេសតាមរយៈគោលនយោបាយ ឈ្នះ! ឈ្នះ! របស់រាជរដ្ឋាភិបាល ទទួលបាននូវភាពជោគជ័យក្នុងការបង្រួបបង្រួមជាតិ ឲ្យជៀសផុតពីសង្គ្រាម ដោយបានផ្តល់នូវការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ចំនួន ៣ រួមមាន៖ ទី១៖ ធានាការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងពេលធ្វើសមាហរណកម្ម, ទី២៖ រក្សាអាជីព និងមុខរបរប្រជាពលរដ្ឋឲ្យនៅដដែល និងទី៣៖ រក្សានូវកម្មសិទ្ធិ រួមទាំងទ្រព្យសម្បត្តិទាំងឡាយ របស់ប្រជាពលរដ្ឋ ដោយគ្មានការរឹបអូស ហើយអាចឈរជើងរស់នៅ និងប្រកបការងារជាធម្មតានៅទីតាំងនោះបាន។ ឆ្លងកាត់តាមរយៈសុខសន្តិភាពនេះ ធ្វើឲ្យលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងប្រទេស ទទួលបាននូវសិទ្ធិសេរីភាពស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ និងទទួលស្គាល់ពីលទ្ធផលនៃការបោះឆ្នោត ក្នុងអំឡុងពេល ៥អាណត្តិកន្លងមកនេះ។

ឯកឧត្តមបន្ថែមទៀតថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ តាមរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយឆ្លងកាត់តាមរយៈការគូសសម្លេងគាំទ្រលើសន្លឹកឆ្នោត នៅលេខរៀងគណបក្សនយោបាយណាមួយដែលបងប្អូនពេញចិត្ត ដោយមិនមានការបង្ខិតបង្ខំពីជនណាម្នាក់ឡើយ។

ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវឲ្យលោកគ្រូ អ្នកគ្រូ ធ្វើការផ្សព្វផ្សាយបន្តទៀត ទៅកាន់សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យយល់ដឹងពីគុណតម្លៃនៃការបោះឆ្នោត និងអញ្ជើញចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ កុំបីខាន់ឡើយ ព្រោះការបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹក ដែលបងប្អូនពេញចិត្ត ក្នុងការដឹកនាំប្រទេស អាចរក្សានូវសុខសន្តិភាព និងស្ថេរភាពសង្គម ប្រកបដោយការអភិវឌ្ឍទៅថ្ងៃអនាគតបន្តទៀត៕