ឯកឧត្តមបណ្ឌិត ដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ខេត្តនៅភូមិគ្រឺះត្រពាំងស្វាយ


ព្រឹកថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិគ្រឹះក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្ត កំពង់ធំ និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុងទាំង៨ ក្នុងខេត្ត ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ ផ្តល់អនុសាសន៍ដឹកនាំ និងអង្គប្រជុំបានមានមតិនានា សំខាន់លើការងារត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ទៅតាមគោលការណ៍របស់គណបក្សថ្នាក់លើ និងនីតិវិធីនានារបស់ គ.ជ.ប ។ ពិសេស ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់លើបញ្ហាបើកយុទ្ធនាការឃោសនាបោះឆ្នោត គួបគ្នានឹងពិធី បុណ្យខួបលើកទី៦៧ របស់គណបក្សប្រជាជនកម្ពុជា-កម្មវិធីឃោសនា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវយកចិត្តទុកដាក់ជាពិសេស កម្មវិធីនយោបាយ និងគោលនយោបាយរបស់បក្ស ឆ្នាំ២០១៨-២០២៣ ព្រមទាំងឯកសារពាក់ព័ន្ធ នឹងការងារឃោសនា ៕