ទំនប់ ១មករា តំបន់ទេសចរណ៍ ដែលមានភាពទាក់ទាញ


ខេត្តកំពង់ធំ ៖ ភ្ញៀវទេសចរទាំងឡាយអាចធ្វើដំណើរទៅលេងកម្សាន្តនៅទំនប់ ១មករា ដែលជាកន្លែងលំហែកាយមួយដ៏ទាក់ទាញនារដូវវស្សាបានតាមមធ្យោបាយផ្សេងៗ ហើយប្រសិនបើភ្ញៀវទេសចរ ដែលមកពីរាជធានីភ្នំពេញ គឺត្រូវធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ ៦ ឆ្ពោះទៅកាន់ទីរួមខេត្តកំពង់ធំ ដែលមានចម្ងាយផ្លូវ ១២០ គីឡូម៉ែត្រ លុះមកដល់តំបន់ទីប្រជុំជនផ្សារកំពង់ថ្មបត់ស្តាំប្រមាណជា ២ទៅ៣ គីឡូម៉ែត្រប៉ុណ្ណោះ នោះលោកអ្នកនឹងបានមកដល់ទំនប់ ១មករា ជាក់ជាមិនខានឡើយ។ សូមជម្រាបជូនដែរថា រាល់ធនធានសម្បត្តិធម្មជាតិមានដូចជាទំនប់បុរាណ ព្រៃព្រឹក្សា ភ្នំ ទឹកធ្លាក់ ជ្រលងដងអូរ ស្ទឹង បឹងបួរ។ល។ គឺសុទ្ធសឹងជាកន្លែង ដែលមានទេសភាពដ៏ស្រស់ត្រកាលសម្រាប់មនុស្ស និងសត្វ ។ ជាក់ស្តែងដូចជាទំនប់ ១មករា ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំនេះជាដើម ត្រូវបានអ្នកដែលធ្លាប់ទៅដល់ចាត់ទុកថាជាតំបន់មួយ ដែលរក្សាបាននូវសម្រស់ធម្មជាតិពិតៗ និងមានអំណោយផលខ្លាំងណាស់សម្រាប់វិស័យទេសចរណ៍ និងកសិកម្ម។ ទំនប់ ១មករា កាលដើមឡើយវាមិនមែនជាតំបន់រមណីយដ្ឋានទេសចរណ៍នោះទេពោលគឺគ្រាន់តែជាទំនប់មួយដែល បន្សល់ទុកពីសម័យ ប៉ុល ពត តែប៉ុណ្ណោះ។ តែដោយសារតែទីនេះមានទេសភាព និងអាចផ្ទុកទឹកទុកបានខួបប្រាំងវស្សា ដែលប្រឹងបង្អួតសម្រស់ឡើងលាយឡំជាមួយដង ព្រឹក្សព្រៃដុះរាយប៉ាយតាមមាត់ទំនប់ ហើយដែលប្រឹងសណ្តូកខ្លួនវែងអន្លាយនោះ ក៏បានធ្វើឲ្យអ្នកដែលបានមកដល់ទីនេះហាក់លួចចាប់ចិត្តប្រតិព័ទ្ធនឹងសោភ័ណសម្រស់ នៃទំនប់ ១មករា យ៉ាងងប់ងល់ និងនាំគ្នាមកងូតទឹកលេងជាហូរហែ ពិសេសនៅថ្ងៃចុងសប្តាហ៍។ សម្រាប់ភ្ញៀវទេសចរមិនថាតែ អ្នករស់នៅក្នុងខេត្តកំពង់ធំនោះទេនៅពេលបានទៅដល់ទំនប់ ១មករា ហើយប្រាកដ ជានឹងបានប្រទាក់ក្រសែភ្នែកឃើញនូវទិដ្ឋភាពដ៏ឆើតឆាយ នៃសម្រស់ផ្ទៃទឹករាប់ម៉ឺនម៉ែត្រគូប និងប្រមូលផ្តុំដោយធម្មជាតិ ដ៏ស្រស់ត្រកាលគួរជាទីមនោរម្យបំផុតសម្រាប់អ្នកទេសចរ។នៅទំនប់ ១មករា ជាកន្លែង មួយដែលមានអំណោយផលខាងធម្មជាតិ និងមានទឹកថ្លាឈ្វេងហូរធ្លាក់ទៅស្រោចស្រពលើផ្ទៃដីកសិកម្មនៅទូទាំង ស្រុកបារាយណ៍ និងស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ធំផងដែរ។ បើទោះជាទំនប់ ១មករា មិនមែនជាតំបន់ទេសចរណ៍ល្បីសម្រាប់បម្រើឲ្យការកម្សាន្ត ដូចនៅស្ទឹងជីនីត ឬ នៅតំបន់មួយចំនួនទៀតក៏ដោយ ក៏ប៉ុន្តែទំនប់ទឹកនេះត្រូវបាន អ្នកដែលធ្លាប់មកដល់ចាត់ទុកថាជាទីកន្លែងមួយដ៏ស្រស់បំព្រងមានខ្យល់អាកាសបរិសុទ្ធ និងមានធម្មជាតិស្អាតប្លែកភ្នែកតែម្តង។ ទឹកដែលស្តុកទុកនៅទំនប់ទឹក ១មករា នេះ គឺមានវិសាលភាពគ្រប់ដណ្តប់ធំធេងណាស់ដល់មនុស្សសត្វ និងវិស័យកសិកម្មនៅតំបន់មួយចំនួនក្នុងខេត្តកំពង់ធំ ហើយបច្ចុប្បន្នកំពុងតែមានភាពទាក់ទាញខ្លាំងណាស់ដោយសារជារៀងរាល់ថ្ងៃគេសង្កេតឃើញមានអ្នក ដំណើរ ឬ ក្រុមអ្នកទេសចរទៅលំហែងូតទឹកលេងកម្សាន្តសប្បាយ។
(ប្រភពកុលបុត្រខ្មែរ កែសម្រួលអត្ថបទ និងរូបភាព ដោយ ឃាត់ វុទ្ធី)

  IMG_0033 IMG_0034 IMG_0037 IMG_0049

11036600_1675774465967361_6773597155130880557_n