អគាររដ្ឋបាលសង្កាត់កំពង់ក្របៅ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់!


នារសៀលថ្ងៃអង្គារ ០៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ទិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់សាលាសង្កាត់កំពង់ក្របៅ ដែលបានចាប់ផ្តើមសាងសង់ក្នុងខែឧសភា ឆ្នាំ២០១៧ និងសង់រួចជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០១៨ ដោយប្រើថវិកាជាតិ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមមានប្រសាសន៍ថា ៖ ជាច្រើនរយឆ្នាំមកហើយ ក្នុងប្រវត្តិសាស្រ្ត ប្រទេសខ្មែរ មានសង្គ្រាមជាបន្តបន្ទាប់ ពីមួយជំនាន់ទៅមួយជំនាន់ មិនដែលបានសុខសន្តិភាពយូរអង្វែងឡើយ ។ ផ្ទុយទៅវិញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ កម្ពុជាមានសុខសន្តិភាព និងស្ថេរភាពនយោបាយមកដល់សព្វថ្ងៃនេះ ជាង៣០ឆ្នាំមកហើយ ។ ដូច្នេះលោកតាលោកយាយត្រូវបន្តថែរក្សាការពារសេចក្តីសុខសន្តិភាពនេះឲ្យបានគង់វង្សបន្តទៅទៀត ដោយទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំដែលអាចរក្សា និងការពារសេចក្តីសុខសន្តិភាពនេះបាន ។ បទពិសោធន៍ជាក់ស្តែងដែលលោកតាលោកយាយធ្លាប់បានឆ្លងកាត់ និងដឹងឮដោយផ្ទាល់ នៅក្នុងរបបសង្គមរាស្រ្តនិយម ដែលប្រទេសយើងសម័យនោះ មានការរីកចម្រើន ក្រោមការដឹកនាំរបស់អង្គសម្តេចឪ តែដោយសារការចង់ផ្លាស់ប្តូរ ចង់បានហួសកំណត់ បានធ្វើឲ្យប្រទេសក្រឡាប់ចាក់ ធ្លាក់ក្នុងភ្លើងសង្គ្រាម បាត់បង់គ្មានសល់ នោះហើយដែលជាមេរៀននៃការចង់បាន ចង់ប្តូរដោយគ្មានការគិតគូរវែងឆ្ងាយ និងច្បាស់លាស់ ។ ផ្ទុយទៅវិញ ដោយសារសម្តេចទាំងបី បានធ្វើឲ្យប្រទេសកម្ពុជាបានរួចផុតពីរបបខ្មៅងងឹត និងបន្តពន្លត់ភ្លើងសង្គ្រាមបានទាំងស្រុកក្នុងឆ្នាំ១៩៩៨ ដែលខ្មែរក្រហមបានចូលរួបរួមជាមួយរាជរដ្ឋាភិបាល ព្រមបញ្ចប់សង្គ្រាម ដោយឈរលើលក្ខខណ្ឌបីគឺ៖ ១-ការធានានូវសុខសុវត្ថិភាព ២-ការធានារក្សានូវទ្រព្យសម្បត្តិដែលមាន និង ៣-ការធានារក្សានូវតួនាទី បុណ្យសក្តិ ។
ឯកឧត្តមបន្តទៀតថា៖ យើងមានសន្តិភាពមករយៈពេលជាង៣០ឆ្នាំ ក្នុងការកសាងប្រទេស ដូច្នេះយើងមិនអាចប្រៀបធៀបនឹងប្រទេសដែលគេមានសន្តិភាពជាង១០០ឆ្នាំនោះបានឡើយ តាមអ្នកវិភាគ បើប្រទេសយើងរក្សាបាននូវកំណើនសេដ្ឋកិច្ចដូចសព្វថ្ងៃ ក្នុងឆ្នាំ២០៣០ យើងនឹងក្លាយជាប្រទេសអភិវឌ្ឍន៍កម្រិតមធ្យម និងដល់ឆ្នាំ២០៥០ ប្រទេសយើងនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ ។ ដូច្នេះហើយបានសម្តេច ប្តេជ្ញាដាច់ខាត មិនឲ្យជនណាមកបំផ្លាញសន្តិភាពដែលយើងកំពុងតែមាននេះបានឡើយ ។
ឯកឧត្តមបានសរសើរចំពោះមន្រ្តីរាជការ អាជ្ញាធរឃុំសង្កាត់ដែលបានខិតខំ ប្រឹងប្រែងមប្រើប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការកៀរគរប្រភពធនធាននានាសម្រាប់សាងសង់សាលាឃុំសង្កាត់ឲ្យមានលក្ខណៈស្តង់ដារតែមួយ ឲ្យបានគ្រប់ឃុំសង្កាត់ទាំងអស់ ទូទាំងប្រទេស ព្រោះសាលាឃុំសង្កាត់នេះ គឺជាកន្លែង ផ្តល់សេវានៅមូលដ្ឋានដែលនៅកៀកនឹងប្រជាពលរដ្ឋបំផុត។ ដោយឡែកសម្រាប់ក្រុងស្ទឹងសែន យើងនឹងសាងសង់សាលាសង្កាត់ស្តង់ដារបែបនេះ បន្ថែមទៀត ដើម្បីជួយសម្រួលការងារផ្តល់សេវានានាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមបានបន្ថែមទៀតថា ឯកឧត្តមកំពុងធ្វើគម្រោងសាងសង់រូបសំណាកប្រចាំខេត្ត ដែលរូបសំណាកទាំងនោះ មានឈ្មោះល្បីល្បាញ ដើម្បីបន្តរក្សាកេរវប្បធម៌អ្នកខេត្តកំពង់ធំ ដូចជា រូបសំណាកដាវដែកកំពង់ស្វាយ រូបសំណាកអាចារ្យលាក់ រូបសំណាកអ្នកតាក្រហមក សួនវិមានឯករាជ្យ និងសួនកំសាន្តតាមដងស្ទឹងសែន ផងដែរ ។ ឯកឧត្តមក៏បានសុំការខន្តីអភ័យទោសពីលោកតាលោកយាយ ប្រជាពលរដ្ឋ ចំពោះមន្រ្តីរាជការក្រោមឱវាទដែលបានប្រព្រឹត្តខុសឆ្គង និងខិតខំកែលម្អមន្ត្រីទាំងនោះយោងតាមអភិក្រមទាំងបួនរបស់សម្តេចតេជោ គឺ៖ “មុជទឹក ឆ្លុះកញ្ជក់ ដុសក្អែល និងវះកាត់” ។
មុននឹងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ និងជ្រើសរើសថ្នាក់ដឹកនាំសម្រាប់កំណត់វាសនាប្រទេសជាតិ ក្នុងរយៈពេល៥ឆ្នាំម្តង ដោយប្រើសិទ្ធិតាមរយៈការគូសលើសន្លឹកឆ្នោត។
ជាចុងក្រោយគណៈអធិបតីបានអញ្ជើញចូលរួមកាត់ខ្សែបូសម្ពោធអគាររដ្ឋបាលសង្កាត់កំពង់ក្របៅដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕