សមាជិកថ្មីចំនួន ៧២៧រូប ក្នុងនោះ អតីតសមាជិកគណបក្សប្រឆាំងជាង ៦០០រូប ប្រកាសចូលជាសមាជិក CPP


 

សមាជិកថ្មីចំនួន ៧២៧រូប ក្នុងនោះអតីតសមាជិកគណបក្សប្រឆាំងចំនួន៦២៨រូប នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានស្វាគមន៍ចំពោះសមាជិកអតីតគណបក្សប្រឆាំង និងសមាជិកថ្មីទើបគ្រប់អាយុបោះឆ្នោត នឹងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាកសាងប្រទេសជាតិឲ្យកាន់តែអភិវឌ្ឍន៍រីកចំរើនថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

ជាមួយគ្នានោះដែរ ឯកឧត្តម បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងបានលើកឡើងអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានជួយរំដោះប្រទេសជាតិ ឲ្យរួចផុតរបបប្រល័យពូជសាសន៍ ដោយបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន ជាពិសេសអាចរក្សាបាននូវស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញទូទាំងប្រទេស ប្រជាពលរដ្ឋមានជីវភាពប្រសើរជាងមុន និងរស់នៅបានភាពសុខដុមរមនា។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាការពារនូវ សុខសន្តិភាពនេះ ឲ្យយូរអង្វែងបន្តទៅទៀត ដើម្បីអនាគតកូនចៅយើង ព្រោះសុខសន្តិភាពនេះសំខាន់ណាស់ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ព្រមទាំងសមាជិកដែលទើបនឹងបញ្ចូលជាសមាជិកថ្មីនេះ ត្រូវរួបរួមគ្នា ដើម្បីកសាងប្រទេសឲ្យកាន់តែអភិវឌ្ឍន៍រីកចំរើន។ ឯកឧត្តមបញ្ជាក់ថា បើខ្មែររួបរួមគ្នា នោះខ្មែរខ្លាំង ដូច្នេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងជួយពន្យល់ដល់បងប្អូនប្រជាពលរដ្ឋរបស់នៅតាមខ្នងផ្ទះ រាប់ទាំងសាច់ញាតិរបស់ខ្លួនផងដែរ ឲ្យបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០៕