ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ជាង ១៩១ នាក់


ព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាលជាមួយលោកនាយក លោកស្រីនាយិកា លោកនាយករង និងលោកស្រីនាយិការង នៃគ្រឹះស្ថានមធ្យមសិក្សាទូទាំងខេត្តកំពង់ធំ និងមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡា សរុបចំនួន ១៩១នាក់ ។
បន្ទាប់ពីស្តាប់នូវរបាយការណ៍សង្ខេបរបស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំរួចមក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានអញ្ជើញមានប្រសាសន៍សំណេះសំណាល ទៅកាន់លោកគ្រូ-អ្នកគ្រូ ប្រកបដោយអត្ថន័យយា៉ងជ្រាលជ្រៅមានជាអាទិ៍គឺ បញ្ហាអប់រំ ជាវិស័យមួយនៅក្នុងរចនាសម្ព័ន្ធដឹកនាំប្រទេសត្រូវធ្លាក់ចុះដល់កំរិតសូន្យ នៅក្នុងរបបកម្ពុជាប្រជាធិប តេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ។ បញ្ហានយោបាយពាក់ព័ន្ធការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៤, បោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា អណត្តិទី៤, និងបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ។
ចុងក្រោយ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរ ដល់លោកគ្រូ-អ្នកគ្រូ ជាគណៈគ្រប់គ្រងសាលា ដែលបានខិតខំប្រឹងប្រែងក្នុងការរួមចំណែកអភិវឌ្ឍធនធាន មនុស្ស នាពេលកន្លងមក ។ ជំរុញលើកទឹកចិត្តដែលលោកគ្រូ-អ្នកគ្រូ ជាគណៈគ្រប់គ្រងសាលា សូមបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សថែមទៀត តាមរយះអភិបាលកិច្ចល្អនៅក្នុងសាលារៀន ។ សូមអំពាវនាវ លោកគ្រូ-អ្នកគ្រូ ទាំងអស់នៅទីនេះ ឬនៅតាមបណ្តាស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះកុំបីខានឱ្យបានគ្រប់ៗគ្នា និងសូមជូនពរអង្គពិធីទាំងមូលដែលមាន ឯកឧត្តម លោកជំទាវ លោកគ្រូនាយក លោកស្រីនាយិកា នាយករង នាយិការង ព្រមទាំងលោកគ្រូ-អ្នកគ្រូ ទូទាំងខេត្តកំពង់ធំ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ៕