ឯកឧត្តម សុខ លូ បន្ដជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ


ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា សន្តិភាព ស្ថេរភាពនយោបាយ ព្រោះសន្តិភាពនេះ មានតម្លៃណាស់ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះឡើយ និងសូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា ដែលនឹងចូលមកដល់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្តម សុខ លូ បានអំពាវនាវយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ៩០០ នាក់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានមតិសំណេះសំណាល និងបាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ទំាំងពីរនេះ ក៏ដូចជាទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន។

ជាមួយគ្នានោះដែរ ឯកឧត្តមបន្ថែមទៀតថា ក្រោមការដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ដោយចាប់ផ្តើមកសាងពីបាតដៃទទេគំនរផេះផង់ បន្សល់ពីរបប ប៉ុល ពត មករុងរឿងដូចសព្វថ្ងៃ ពិសេសអាណត្តិទី៥នេះ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង អភិវឌ្ឍន៍លើគ្រប់វិស័យទូទាំងប្រទេស ក្នុងនោះក្រុងស្ទឹងសែន បានកសាងនូវ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន មានកាន់តែច្រើន កាន់តែទំនើប កាន់តែងាយស្រួលជាងមុន និងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមឃុំសង្កាត់បន្តទៀត។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ក៏ដូចជានៅក្នុងខេត្តកំពង់ធំទាំងមូល មានការរីកចម្រើនជាងមុនឆ្ងាយណាស់ មានសំណង់អគាររីកដុះដាលធំៗ ផ្នែកវិស័យកសិកម្មមានសន្ទុះកើនឡើងខ្ពស់។ ដូច្នេះ ដើម្បីឲ្យប្រទេសជាតិយើង បន្តការអភិវឌ្ឍន៍ និងរក្សាបានសុខសន្តិភាព សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជន មានលេខរៀងទី២០ ក្នុងសន្លឹកឆ្នោត ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍នាវាកម្ពុជា ឲ្យកាន់តែរីកចម្រើនឆាប់រហ័សបន្ថែមទៀត។