ពិធីប្រគេនទៀនព្រះវស្សាជូនដល់វត្តចំនួន ១៣ ក្នុងស្រុកប្រាសាទបល្ល័ង្ក


ថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០១៥ នៅវត្តបឹង(ហៅវត្តបារាយណ៍) ស្ថិតនៅភូមិបារាយណ៍ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក អមដំណើរដោយលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងមន្រ្តីរាជការជុំវិញសាលាស្រុក បាននាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃនិមន្តមកពី ១៣ វត្ត រួមមាន៖ ឃុំក្រយាមាន ៣ វត្ត ឃុំផាន់ញើមមាន៤វត្ត ឃុំសាគ្រាមមាន៣វត្ត ឃុំដូងមាន២វត្ត និងឃុំសាមគ្គីមាន១វត្ត។ ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកតំណាងរាស្រ្ត បានមានប្រសាសន៍ សំណេះសំណាល ជាមួយព្រះសង្ឃ សីលវ័ន្ត សីលវតី និងពុទ្ធបរិស័ទថាៈ វត្តអារាម គឺមិនត្រឹមតែជាទីសក្ការៈប៉ុណ្ណោះទេ តែជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ ជាថ្នាលបណ្តុះបណ្តាល ធនធានមនុស្សដែលជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌វប្បធម៌ខ្មែរយើងតាំងពីយូរលង់ ណាស់មកហើយ។ ជាក់ស្តែងពេលខាងមុខនេះព្រះសង្ឃគ្រប់ព្រះអង្គដែលគង់ចាំព្រះវស្សានៅគ្រប់ ទីវត្តអារាមទូទាំងប្រទេស ត្រូវចូលកាន់ព្រះវស្សាអស់កាលមួយត្រីមាស ដូច្នេះថ្នាក់គ្រប់ឋានានុក្រម ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ បាននាំយកមកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយក ទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌វិន័យ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។ ពិធីបានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដើម្បីឧទ្ទិសកុសលផលបុណ្យដល់ បុព្វការីជន សាច់សាលោហិត កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។
សម្ភារៈបរិក្ខារដែលបានវេរប្រគេនព្រះសង្ឃ នាឱកាសនោះក្នុងមួយវត្តទទួលបានទៀនវស្សា ០១ គូ ស្លាដក់ ០១គូ អង្ករ ២០គីឡូគ្រាម មី ០១កេស ទឹកត្រី ០១យួរ ទឹកបរិសុទ្ធ ០១យួរ ប្រេងម៉ាស្ស៊ូត ១០លីត្រ និងបច្ច័យ ២០ម៉ឺនរៀល ព្រមទាំងផ្តល់ថវិកាជូនតាជី យាយជីចំនួន ៧៥ នាក់ ដោយក្នុងមួយនាក់ទទួលបានថវិកា ១០.០០០ រៀល។
(អត្ថបទ និងរូបភាពៈ ឆេងអាន)

11745582_1651168821836344_8497419474918256243_n11695022_1651169398502953_5867137181304643082_n  11745759_1651169691836257_6603029576871348323_n