ឯកឧត្តម ជា អឿង ប្រគល់ទៀនវស្សា ៨ វត្ត ក្នុងស្រុកប្រាសាទបល្ល័ង្ក


នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥ ឯ.ឧ ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ អមដំណើរដោយ លោកកឹម អាន ប្រធានក្រុមប្រឹក្សាស្រុក លោក ទូច សុខាអភិបាលស្រុកប្រាសាទបល្ល័ង្ក និងសហការី បាននាំយកនូវទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តគីរីសោភ័ណ(ហៅវត្តសាលាវិស័យ) ជាចំណុចគោលដៅ ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ហើយក្នុង ៨ វត្តមានក្នុងឃុំ សាលាវិស័យចំនួន ៦ វត្ត គឺវត្តសាលាវិស័យ វត្តត្រឡែក វត្តភូមិស្រែ វត្តខ្វាន់ទៀង វត្តខ្មាក់ និងវត្តបុសវែង។ ចំណែកឃុំទួលគ្រើលមាន ២ វត្ត គឺវត្តក្រពើចាស់ និងវត្តគគីរ ។ មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ សីលវ័ន្ត សីលវតី និង ពុទ្ធបរិស័ទនាឱកាសនោះ ឯ.ឧ ជា អឿង អ្នកតំណាងរាស្ត្រ បានគូសបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទអំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងប្រមូលផ្តុំនូវវប្បធម៌ និង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌វប្បធម៌ ខ្មែរយើងតាំងពីយូរណាស់មកហើយ។ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំទាំងពីរ ដែលត្រូវគិតឲ្យបានច្បាស់លាស់កុំចេះតែជឿពាក្យញុះញង់របស់ជនអគតិមួយចំនួន ត្រូវគិតថាពេលប្រជាពលរដ្ឋមានទុក្ខកង្វល់តើថ្នាក់ដឹកនាំមួយណា ដែលរស់នៅរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋ។ យើងទាំងអស់គ្នាត្រូវតែមានលំនឹងគិតឲ្យបានច្បាស់លាស់ និងសាងតែអំពើល្អ ។ ក្នុងឱកាសនោះ ឯ.ឧ ជា អឿង និងសហការីក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សាទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើងដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន សាច់សាលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈក្នុងបុព្វហេតុជាតិមាតុភូមិ។ សម្ភារៈបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះក្នុងមួយវត្តទទួលបាន ទៀនវស្សា ០១ គូ ស្លាដក ១ គូ អង្ករ ២០ គីឡូគ្រាម មី ១កេស ទឹកត្រី ១ យួរ ទឹកបរិសុទ្ធ ១យួរ ប្រេងម៉ាស្ស៊ូត ១០លីត្រ និង បច្ច័យ២០ម៉ឺនរៀល ដើម្បីទុកសម្រាប់ប្រើប្រាស់ពេលចូលព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស នៅក្នុងទីវត្ត ព្រមទាំងប្រគេនបច្ច័យព្រះសង្ឃចំនួន ១៣ អង្គ ដោយក្នុងមួយអង្គៗទទួលបានថវិកា ២០.០០០រៀល និងផ្តល់ថវិកាជូន ប្រជាពលរដ្ឋចំនួន ១៥៣ នាក់ ដោយក្នុងមួយនាក់ៗទទួលបានថវិកា១០.០០០ រៀលផងដែរ ។

12917_1654099754876584_781598091293621801_n 11053863_1654103578209535_6495054739777683803_n (1) 11781594_1654100948209798_801320586879487924_n 11825667_1654102678209625_1554481598692294625_n11800323_1654101981543028_7668547592726578915_n 11825189_1654102174876342_412599660585739870_n