ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា


 

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ ដែលមានគណបក្សចូលរួមចំនួន ២០គណបក្ស។ ជាក់ស្តែង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម ឈុន ឈន់ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងលោក ឃឹង នុភាព បេក្ខជនឈរឈ្មោះតំណាងរាស្ត្រមណ្ឌលកំពង់ធំ ព្រមទាំងក្រុមការងារ និងសហការីទាំងអស់ បានចុះជួបសំណេះសំណាល និងថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលតែងតែគោរពស្រឡាញ់សម្តេចតេជោ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ច្រើនលើសលប់។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺជាជ័យជំនៈរបស់យើងទាំងអស់គ្នា ជាជ័យជំនៈរបស់ជាតិយើងទាំងមូល។ ដូច្នេះ សូមពុកម៉ែបងប្អូន ចាប់ពីពេលនេះ សូមកុំធ្វើការបែងចែកដល់បងប្អូនប្រជាពលរដ្ឋណាម្នាក់ដែលបានបោះឆ្នោតគាំទ្រគណបក្សផ្សេង ឬមិនទៅបោះឆ្នោត ព្រោះយើងជាខ្មែរដូចគ្នា ត្រូវចេះសាមគ្គីគ្នា គោរពស្រលាញ់គ្នា និងចូលរួមកសាង អភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក របស់យើង ឲ្យមានការរីកចម្រើន រក្សាបាននូវភាពសុខសាន្តបន្តទៀត។ បងប្អូនដឹងហើយថា កន្លងមក ជនអគិតមួយចំនួន បានអំពាវនាវបងប្អូនមិនឲ្យទៅបោះឆ្នោត ប៉ុន្តែការអំពាវនាវនេះ មិនបានសម្រេចនោះទេ ទីបំផុតបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បានទៅចូលរួមបោះឆ្នោត ៨២,៨៩% មានន័យថា បងប្អូនចូលរួមបោះឆ្នោត ចង់បានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រទេសបន្តទៀត។

ចុងបញ្ចប់ ឯកឧត្តម ប្រធានគណបក្ស បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ ដូចជា លោកមេភូមិ មេឃុំ អភិបាលស្រុក ក្រុមការងារចុះជួយស្រុក ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហា ជូនបងប្អូនឲ្យបានល្អប្រសើរឡើងទ្វេរដងបន្តទៅទៀត។ ខិតខំដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ។ ជាពិសេសត្រូវពិនិត្យខ្លួនឯង តើនៅមានចំណុចខ្វះខាតអ្វីខ្លះ ដែលយើងមិនទាន់បានបម្រើសេវាសាធារណៈជូនបងប្អូនបានឌិតដល់ ដើម្បីកុំឲ្យការទុកចិត្តរបស់បងប្អូនមកលើយើង មានការអស់សង្ឃឹមឲ្យសោះ។ ហើយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅតែរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈទាំងអស់។ ទន្ទឹមនឹងនោះ ក៏មានការទទួលទានអាហារជុំគ្នាយ៉ាងឆ្ងាញ់ពិសារ និងរំាលេងកំសាន្តយ៉ាងសប្បាយរីករាយផងដែរ៕