មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ នៅថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៨នេះបានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ ផ្សព្វផ្សាយ អំពីគុណភាពនិងសុវត្ថិភាពម្ហូបអាហារ នៅផ្សារក្រវ៉ា ស្ថិតក្នុងឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។


មន្រ្តីសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានថ្លែងថាបន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត TestKit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំង លក់នៅក្នុងផ្សារក្រវ៉ារួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមី ហាមឃាត់នៅក្នុង ផលិតផល ម្ហូបអាហារ ទាំងនោះឡើយ។ចំពោះការពិនិត្យមើលលើ ផលិតផលគ្រឿងកំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ក្រុមការងារក៏រកមិនឃើញផលិតផលណាមួយខូចគុណភាពឬ ហួសកាលបរិច្ឆេទដែរ ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងបន្តថា នេះជាការយកចិត្តទុកដាក់របស់អាជីវករ ក៏ដូច ជាប្រជាពលរដ្ឋ ដែលមានការយល់ដឹងខ្ពស់ ពីសុវត្ថិភាពម្ហូបអាហារ ។
ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញក្រុមកាងារក៏បានចែកផ្សាយនូវរូបភាពPoster និងណែនាំដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់ តាំងលក់ផលិតផល ចំណីអាហារ ឲ្យនៅដាច់ពីគ្នា ពីថ្នាំសម្លាប់សត្វល្អិត និងកសិកម្មនិងរបៀប នៃការជ្រើសរើសផលិតផលម្ហូប អាហារ មានសុវត្ថិភាព ដល់ការបរិភោគជាដើម ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ ក៏បានធ្វើការណែនាំ ដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមប្រភេទនៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ ក្រវ៉ា និងតាមបណ្តាផ្ទះលក់ទំនិញទាំងអស់ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃ ទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ។