ឯកឧត្តម សុក ផេង ជួបប្រជាពលរដ្ឋ ៣២ គ្រួសារដែលមានបញ្ហាដីធ្លី


រសៀលថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៥ ឯកឧត្តម សុក ផេង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះ
មូលដ្ឋានខេត្តកំពង់ធំ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចង្អុលណែនាំ និងការអនុញ្ញាតិពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំនិងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះសិក្សាស្វែងយល់ការពិតស្តីពីលិខិតរបស់ប្រជាពលរដ្ឋ ចំនួន៣២ គ្រួសារនៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ដែលបានស្នើសុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ជួយដោះស្រាយនូវដីដែលពួកគាត់បានអាស្រ័យផលលើដីនោះកន្លងមក តែដីនោះជាដីព្រៃស្តារឡើងវិញក្នុងតំបន់អភិរក្ស ។ សូមបញ្ជាក់ផងដែរដីដែលពួកគាត់បានអាស្រ័យផលកន្លងទៅ គឺស្ថិតនៅតំបន់បុស្សស្អំ តំបន់ក្បាលទឹក នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ។ បន្ទាប់ពីបានចុះពិនិត្យលើប្រភេទដីខាងលើរួចមកឃើញមានដំណាំដំឡូង និងស្វាយចន្ទី ។ ឯកឧត្តមបានសាកសួរប្រជាពលរដ្ឋអំពីពេលវេលាកាប់គាស់ឆ្ការព្រៃ និងនៅពេលអាស្រ័យផលលើដី ហើយបានសួរបន្តទៀតថា ប្រសិនបើមានដីថ្មីដូរតើបងប្អូនគិតយ៉ាងដូចម្តេច ? ពេលនោះមតិរបស់ប្រជាពលរដ្ឋបានឯកភាពលើកឡើងថា បើមានដីថ្មីដូរលុះត្រាតែដីនោះជាដីស្របច្បាប់ ពុំមានរឿងរ៉ាវ មិនមែនជាដីព្រៃ ដីរបស់គេ ដីលិចទឹក ហើយដីដែលដូរនោះទៀត គឺមានទំហំស្មើនឹងដីចាស់ មានឯកសារកាន់កាប់ស្របច្បាប់ច្បាស់លាស់ទើបយក។ ក្នុងសម័យអន្តរកាលប្រជាពលរដ្ឋស្នើសុំអាស្រ័យផលដំណាំដំឡូងដែលមានស្រាប់ និងសុំចូលយកស្មៅជើងដំឡូងក្នុងដីចំការនោះ ។ ហើយសុំអាស្រ័យផលលុះត្រាតែមានដីសំណងច្បាស់លាស់ មានឯកសារស្របច្បាប់ទើបចេញពីដីចំការចាស់ ។ ឯកឧត្តម សុក ផេង បានមានប្រសាសន៍ថា ដីដែលប្រជាពលរដ្ឋអាស្រ័យផលខាងលើ អជ្ញាធរឃុំក៏បានស្នើសុំទៅអជ្ញាធរខេត្តជួយដោះស្រាយដែរ ហើយការមកជួបប្រជាពលរដ្ឋពេលនេះពុំទាន់មានដំណោះស្រាយទេ គ្រាន់តែស្វែងរកការពិត ហើយសំណូមពរប្រជាពលរដ្ឋថែរក្សាសណ្តាប់ធ្នាប់ គោរពច្បាប់រដ្ឋ និងលើកយកបញ្ហានេះដាក់ជូនឯកឧត្តមបណ្ឌិត ថោង ខុន និងគណៈកម្មាធិការថ្នាក់ជាតិពិនិត្យ និងសម្រេច ៕

IMG_1936 IMG_1946IMG_1942  IMG_1949 IMG_1984 IMG_2010 IMG_2018 IMG_2020 IMG_2027