សន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦


ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ ព្រឹកថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ អំពីគណបក្ស ខេត្តកំពង់ធំ របស់គណៈកម្មាធិការគណបក្សខេត្តកំពង់ធំ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណ ២៥៧នាក់ ។ បន្ទាប់ពីអង្គពិធី គោរពទង់ជាតិ ទង់បក្សរួចមក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញ អានសុន្ទរកថាបើកសន្និបាតដែលមានខ្លឹមសារសំខាន់គឺជោគជ័យដែលយើងទទួលបាននេះ គឺមិនមែនកើតឡើងដោយចៃដន្យឡើយ តែកើតឡើងដោយសារយើងមានគោលនយោបាយកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រត្រឹមត្រូវច្បាស់លាស់មានភាពចាស់ទុំផ្នែកនយោបាយ មាន ការលះបង់និងការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺ មានសាមគ្គីភាពផ្ទៃក្នុងល្អ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋយើងមានទំនុកចិត្ត និងបន្តបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាយើង រហូតឈ្នះបានអាសនៈទាំង១២៥លើ១២៥ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ។ ជាមួយគ្នានេះ អង្គពិធីនឹងធ្វើការបូកសរុបលទ្ធផល នៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដោយធ្វើការវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្វះខាត កាលានុវត្តភាព និងភាពប្រឈម ដើម្បីដកស្រង់ជាមេរៀនពិសោធន៍ សម្រាប់ការ បោះឆ្នោតលើកក្រោយៗទៀត ។
ជាកិច្ចបន្ត ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញអានសេចក្តីព្រាងរបាយការណ៍បូកសរុប លទ្ធផលនៃការអនុវត្តផែន ការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញអង្គសន្និបាតមានមតិ ពិភាក្សាបំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍ និងអង្គសន្និបាតបានធ្វើការអនុម័ត ។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ផ្តាំផ្ញើ ក៏ដូចផ្តល់អនុសាសន៍ដឹកនាំដល់អង្គសន្និបាត ក្រុមការងារ និងគណបក្សគ្រប់ជាន់ថ្នាក់ដើម្បីអនុវត្តក្នុងការ រក្សាបាននូវប្រពៃណីឈ្នះនេះបន្តទៀត និង ឯកឧត្តមបណ្ឌិត បានអញ្ជើញអានសុន្ទរកថាបិទសន្និបាត ដោយបានបញ្ជាក់ដល់អង្គសន្និបាត ត្រូវបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋរបស់យើង ដោយត្រូវឆ្លើយតបរាល់សំណូមពរ និងសេចក្តីត្រូវការរបស់ពួកគាត់ ក៏ដូចជាដោះស្រាយរាល់ការលំបាកនានារបស់គាត់ ឱ្យអស់ពីសមត្ថភាព និងលទ្ធភាពរបស់ខ្លួនមាន ។ ជាមួយគ្នានេះផងដែរ យើងម្នាក់ៗត្រូវបន្តខិតខំពង្រឹងសមត្ថភាពដឹកនាំ និងគ្រប់គ្រងរបស់ខ្លួន ពិសេសត្រូវជាគំរូល្អសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងគាំទ្រពីពួកគាត់ជាបន្តទៀត ៕