វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ស្រុកស្ទោង


 

ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលខេត្ត នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ អញ្ជើញចូលរួមក្នុងពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅសាលាស្រុកស្ទោង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម ឈុន ឈន់ និងឯកឧត្តម សុខ លូ បានលើកឡើងថា ដើម្បីចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋមានចម្ងល់ ឬយោបល់ ត្រូវលើកដៃ ឬសរសេរលើក្រដាសដាក់ចូលក្នុងប្រអប់ជាដើម ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងមន្ត្រីរាជការ សូមមេត្តាលើកឡើងនូវបញ្ហាដែលបានជួបប្រទះកន្លងមក ក៏ដូចជាសំណូមរផ្សេងៗ ដើម្បីពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈសេវាតម្រូវការនិងសេវាសំណូមពរ។

ជាមួយការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្ត ដូចជាបញ្ហាបរិស្ថាន បញ្ហាជលផល បញ្ហាបម្រើសេវាសាធារណៈ ទឹកស្អាត អគ្គីសនី ផ្លូវលំ ។ល។

ក្នុងនោះដែរ ឯកឧត្តម ឈុន ឈន់ និងឯកឧត្តម សុខ លូ មានប្រសាសន៍សង្កត់ធ្ងន់ថា សូមថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក មេឃុំ និងភូមិ ត្រូវខិតខំយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសនានា ដូចជា បទល្មើសព្រៃឈើ បទល្មើសជលផល បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕