ឯកឧត្តមបណ្ឌិត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្ត នៅភូមិគ្រឹះត្រពាំងស្វាយ ឃុំបល្ល័ង្ក


ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នៅភូមិគ្រឹះ ឯកឧត្តមបណ្ឌិត ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា មណ្ឌលខេត្តកំពង់ធំ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុងទាំងអស់ ។
បន្ទាប់ពីប្រសាសន៍បើកកិច្ចប្រជុំរបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល រួចមកអង្គប្រជុំបានស្តាប់នូវសេចក្តីរាយការណ៍របស់ គណៈប្រចាំការគណបក្សខេត្តកំពង់ធំ អំពីលទ្ធផលការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០១៩ ទៅតាមប្រតិទិនរបស់ គ.ជ.ប និងកម្មវិធី ក៏ដូចជាផែនការការងាររបស់គណបក្សខេត្ត ទៅតាមការចង្អុលចុះរបស់គណបក្សថ្នាក់លើ ។
ដោយបានស្តាប់នូវសេចក្តីរាយការណ៍រួចមក ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញអង្គប្រជុំមានមតិ ពិភាក្សា ផ្លាស់ប្តូរយោបល់អំពីចំណុចខ្លាំង ចំណុចខ្វះខាត បទពិសោធន៍ និងការងារសេសសល់ ធ្វើយ៉ាងណាដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតខាងមុខនេះ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានអញ្ជើញមានប្រសាសន៍ជូនអង្គប្រជុំបកស្រាយអំពីការវិវត្តសភាពការណ៍នយោបាយថ្មីៗ និងផ្តល់អនុសាសន៍ដឹកនាំ សម្រាប់គណបក្សខេត្តគ្រប់ជាន់ថ្នាក់ ក្រុមការងារយកទៅអនុវត្តបន្តផងដែរ ជាពិសេស ឯកសារលេខ ០០៩/១៩ លគ.គក ស្តីពីទិសដៅ៦ចំណុច នៃការណែនាំរបស់ថ្នាក់ដឹកនាំប្រចាំការ គណៈកម្មាធិការកណ្តាល ៕