សន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០


នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០១៩ និងលើកទិសដៅ ការងារឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ធំ អានដោយលោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងមក ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ រដ្ឋបាលកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្ត និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សា ដោយបានអនុវត្តតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» រក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំបានល្អប្រសើរ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំខេត្តកំពង់ធំ ក៏បានបន្តខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ សួនច្បារ ច្រាំងស្ទឹងសែន រង្វង់មូលវិមានឯករាជ រង្វង់មូលសួនអាចារ្យលាក់ រង្វង់មូលសួនដាវដែកកំពង់ស្វាយ សំណង់អគារខ្ពស់ៗ ជាពិសេស បានបង្ករភាពងាយស្រួលដល់ជាប្រជាពលរដ្ឋក្នុងមកទទួលយកសេវានៅអង្គភាពច្រកចេញចូលតែមួយ បានឆាប់រហ័ស និងទាន់ពេលវេលា។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ ថ្លែងថា តាមរយៈអង្គសន្និបាតនេះ នឹងធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ ដែលក្រុមការងារបានរៀបចំរួចជាស្រេច ជូនដល់សមាជិកសមាជិកា នៃអង្គសនិ្នបាត ដូច្នេះ សូមសមាជិកសមាជិកាទាំងអស់ ត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចូលរួមពិភាក្សាឲ្យបានផុសផុល អំពីសមិទ្ធិផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងការផ្ដល់បទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋានអនុវត្តទិសដៅការងារនៅឆ្នាំ២០២០នេះ ឲ្យមានប្រសិទ្ធិភាពថែមទៀត។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ ក៏បានលើកឡើងអំពីមេរោគ COVID-១៩ ដែលយើងទាំងអស់គ្នាមិនត្រូវភ័យស្លន់ស្លោ ហើយជឿពាក្យចចាមអារាមនោះទេ គឺយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីទប់ស្កាត់កុំអោយមានការរីករាលដាលនៃជំងឺនេះ ដោយសំអាតខ្លួនប្រាណ ពិសេសលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ មុនពិសារចំណីអាហារ ឬប៉ះពាល់មាត់ច្រមុះ។ ម្យ៉ាងវិញទៀត បើបងប្អូនមានរោគសញ្ញាក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហើម នឹងទើបធ្វើដំណើរពីប្រទេសដែលមានឆ្លងជំងឺ COVID-19 ឬប៉ះពាល់ជាមួយអ្នកមានជំងឺបង្កឡើងដោយមេរោគ COVID-19 ក្នុងកំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា សូមអញ្ជើញទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ និងនៅគ្រប់មន្ទីរពេទ្យខេត្ត នៅបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស ផងដែរ៕