ក្រុង និងស្រុកទាំង ៨ ក្នុងខេត្តកំពង់ធំ


កំណាព្យបទពាក្យ៧: ឈ្មោះក្រុង និងស្រុកទាំង ៨ ក្នុងខេត្តកំពង់ធំ
១-ឱកំពង់ធំជំរំចិត្ត                              ធ្លាប់រស់ស្នេហ៍ស្និទ្ធប្តូរជីវី
ទឹកដីឃុំស្រុកធ្លាប់រកស៊ី                    គិតតាមផែនទីកណ្តាលគេ ។
២-មានភ្នំសន្ទុកដងស្ទឹងសែន          ហូរកាត់បត់បែនដល់ទន្លេ-
សាបធំល្វឹងល្វើយពីបុព្វេ                  ត្រីច្រើនម្លេះទេមិនដែលខ្វះ ។
៣-មានប្រាសាទសំបូរព្រៃគុក         វប្បធម៌តទុកដំណែលចាស់
មានប្រាង្គតូចធំផ្តុំច្រើនណាស់        មាននៅល្អខ្លះខ្លះបាក់បែក ។
៤-មានក្រុង និងស្រុករួមប្រាំបី        ឈ្មោះប្លែកទីទៃន័យដោយឡែក
ខ្ញុំធ្លាប់រស់នៅឃើញផ្ទាល់ភ្នែក       បែងចែកមានភ្នំស្ទឹងទន្លេ ។
៥-ដល់ស្រុកបារាយណ៍រសាយចិត្ត បានជួបជុំមិត្តពីបុព្វេ
ចូលស្រុកសន្ទុកមិនវៀចវេរ           ឃើញភ្នំរិះរេបន់សុំសុខ ។
៦-ឈានចូលដល់ខេត្តក្រុងស្ទឹងសែន ទឹកហូរបត់បែនកាត់ច្រើនស្រុក
ដំរីជាន់ខ្លាបង្ហាញមុខ                      ចូលសួរសុខទុក្ខមិត្តភក្តិចាស់ ។
៧-គយគន់តោថ្មឈរយាមស្ពាន   ស្ពានអើយៗស្អានខ្ញុំនឹកណាស់
ប៉ុន្តែភារកិច្ចត្រូវប្តូរផ្លាស់                 លាឆ្លងស្ពានចាស់មួយគ្រាសិន ។
៨-ដល់កំពង់ស្វាយសប្បាយណាស់ នឹកឃើញរឿងចាស់ដូចសុបិន
ប្រាសាទសំបូរជាកសិណ              សណ្តាន់មាសឆ្អិនដាច់អាល័យ ។
៩-ប្រាសាទបល្ល័ង្កតាំងចិត្តស្មោះ      ឆ្លងស្ទឹងព្រៃប្រស់អស់និស្ស័យ
ចូលដល់ស្រុកស្ទោងសែនអាល័យ  អស់ជើងអស់ដៃជួបជុំគ្នា ។
១០-ក្រុងស្រុកប្រាំបីលៃគ្រប់ហើយ   ទុក្ខខ្ញុំបានស្បើយឆ្លើយសូមលា
សូមជូនពរជ័យគ្រប់អង្គា                    ឃ្លាតឃ្លាមួយគ្រាកំពង់ធំ ។
(និពន្ធដោយឯកឧត្តម មុំ សុទ្ធ ទីប្រឹក្សាគណៈកម្មាធិការបុណ្យជាតិ-អន្តរជាតិ)
11891054_892212710848371_1455189837274738429_n

11892171_959322837442382_1857927411798749588_n 10985864_933267386714594_5898073037794442333_n 11403411_933270963380903_768476993878117115_n 11666140_933267026714630_5464517134841880811_n 11709823_933266860047980_2247702651084188492_n11695031_933267180047948_3132489714826092046_n