ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មកចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និងនាំកូនចៅ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ មកចាក់វ៉ាក់សាំងនៅទីតាំងតាមបណ្ដាក្រុងស្រុកទាំងអស់នៃខេត្តកំពង់ធំ


ការអំពាវនាវនេះត្រូវបានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើងក្នុងពិធី ចុះពិនិត្យមើលការចាក់វ៉ាក់សាំង តាមបណ្ដា ក្រុង ស្រុក មួយចំនួន ជាពិសេសគឺការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុ ១៧ឆ្នាំ ដែលកំពុងមានការចូលរួមពីក្មួយ (កុមារ និងយុវវ័យ) មាតាបិតា និងអាណាព្យាបាល នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នាពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរច្បាស់លាស់ មានការសម្រេចចិត្តត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា ក្នុងការស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានជាង ៩០ភាគរយ នៃប្រជាជនជាង ១០លាននាក់ ដែលអាចធ្វើឲ្យយើងចៀសផុតពីការឆ្លងជំងឺកូវីដ១៩ ហើយបើឆ្លងក៏វាអត់ឈឺធ្ងន់ និងមិនបណ្ដាលឲ្យស្លាប់ទេ ប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងទេ មិនដឹងជាមានការឆ្លងប៉ុន្មាននាក់ ហើយស្លាប់ប៉ុន្មាននាក់នោះទេ។