សិស្សនិទ្ទេស A ចំនួន ៤១នាក់ ទទួលបានរង្វាន់លើកទឹកចិត្ត ម្នាក់ៗ ម៉ូតូ ១គ្រឿង ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ


(ខេត្តកំពង់ធំ): សិស្សដែលជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០២០ – ២០២១ ដែលទទួលបានលទ្ធផល និទ្ទេស A ចំនួន ៤១នាក់ ស្រី ២៣នាក់ នៅមណ្ឌលខេត្តកំពង់ធំ ត្រូវបានទទួលរង្វាន់លើកទឹកចិត្ត ម្នាក់ៗ ម៉ូតូ ១គ្រឿង ពីឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តកំពង់ធំ នៅបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

មានប្រសាសន៍សំណេះសំណាលជាមួយសិស្សានុសិស្ស និង អាណាព្យាបាលសិស្សទាំង ៤១នាក់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំបានអបអរសាទរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ដែលបានខិតខំប្រឹងតែរៀនសូត្ររហូតដល់ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០ – ២០២១ ទទួលបាននិទ្ទេស A នៅពេលនេះ។ បើទោះបីពេលវេលាកន្លងមក ប្រទេសកម្ពុជា ក៏ដូចជាខេត្តកំពង់ធំ ទទួលរងនូវវិបត្តិកូវីត ១៩ សេដ្ឋកិច្ចក៏ត្រូវបានបិទអស់មួយចំនួន សាលារៀនក៏ត្រូវបានបិទ ដែលធ្វើឲ្យការសិក្សារៀនសូត្រមិនបានដិតដល់ ប៉ុន្តែទោះបីយ៉ាងណា ក្មួយៗបានខិតខំស្វែងយល់រៀនសូត្រ ស្រាវជ្រាវ ដោយអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យក្មួយៗបានសិក្សាជាបណ្តុំតូចៗ ក៏ដូចជាតាមអនឡាញ និងមានការប្រឡងបាក់ឌុបដំណើរការធម្មតា ដោយអនុវត្តបានល្អតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ។

លើសពីនេះទៀតឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលនៅក្នុងពេលវេលានៃវិបត្តិកូវីដនេះ លោកគ្រូ អ្នកគ្រូ មានការហត់នឿយខ្លាំងណាស់ ពីព្រោះការបង្រៀនតាមបណ្ដាញអនឡាញនេះ វាមិនមានភាពងាយស្រួល ដូចយើងបង្រៀនផ្ទាល់នោះទេ ប៉ុន្តែលោកគ្រូ អ្នកគ្រូ បានអនុវត្តភារកិច្ចដ៏ល្អនេះបានបំពេញតួនាទីជាលោកគ្រូល្អ អ្នកគ្រូល្អ ។ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់សប្បុរសជននានា ជាពិសេស ឯកឧត្តមបណ្ឌិតទេសាភិបាល ជា ចាន់តូ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ ដែលបានផ្ដួចផ្ដើមនូវការរៀបចំពិធីជូនរង្វាន់នេះឡើង។

ជាមួយគ្នានោះដែរ ឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជូនចំពោះក្មួយ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ នៅទីនេះ ។ ឯកឧត្តមបណ្ឌិតបន្ថែមទៀតថា ជារៀងរាល់ឆ្នាំ សម្តេចតែងតែរៀបចំឲ្យមានពិធីប្រគល់រង្វាន់ដល់សិស្សានុសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទ្ទេស A ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលចំពោះក្មួយៗសិស្សានុសិស្ស ដែលទទួលបានជ័យលាភី។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ចំពោះលទ្ធផលដ៏ល្អប្រសើរនៅថ្ងៃនេះ ដែលបានឆ្លុះបញ្ចាំងនូវស្មារតីខិតខំរៀនសូត្រ តាមរយៈសមិទ្ធផលដែលក្មួយទទួលបានពេលនេះ ពិតជាមានតម្លៃណាស់ និងមោទនភាពសម្រាប់យើងទាំងអស់គ្នា ជាពិសេសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ និងសាលារៀនជាដើម។ ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ក្មួយៗទាំងអស់នេះ គឺជាអ្នកជំនាន់ក្រោយ សម្រាប់បន្តវេន ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។

ចុងក្រោយឯកឧត្តមបណ្ឌិត ជា ចាន់តូ ក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវជៀសវាងឲ្យ ឆ្ងាយពីគ្រឿងញៀន និង ចាប់យកការសិក្សាជាកត្តាចំបង ដែលចម្លងនូវវាសនា និងក្រុមគ្រួសាររបស់ខ្លួន បានទៅដល់ត្រើយសុភមង្គល ជាពិសេស សូមចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ពេលបើកបរត្រូវ ពាក់មួកសុវត្ថិភាព។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវត្រៀម លក្ខណៈទុកជាមុន ក្នុងចូលរួមពិធីសំណេះសំណាលជាមួយ សម្តេចតេជោនាថ្ងៃខាងមុខនេះ។