ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានអញ្ជើញចូលរួមទិវាជាតិនៃការចងចាំ២០ ឧសភា នៅវត្តឌួងសូរិយា (ហៅវត្តក្តីដូង)


(កំពង់ធំ)÷ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រះចៅអធិការវត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តកំពង់ធំ អភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ សហភាពសហព័ន្ធយុវជន កងកំលាំងទាំងបី លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង 288 នាក់ បានអញ្ជើញចូលរួម ទិវាជាតិនៃការចងចាំ២០ ឧសភា នៅវត្តឌួងសូរិយា (ហៅវត្តក្តីដូង) ស្ថិតនៅភូមិក្តីដូងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ ពីទិវាជាតិនៃការចងចាំ ២០ ឧសភា ដល់អ្នកចូលរួមគឺ:ដោយប្រទេសកម្ពុជាជួបបញ្ហាសង្រ្គាម ប្រជាជនមួយចំនួនត្រូវជម្លៀសចេញពីទីក្រុង លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់នូវការចាយលុយផ្សេងៗ បានបិទទ្វារសាលារៀន មន្ទីរពេទ្យ និងវត្តអារាម មិនមានដំណើរការសហការទូទាំងប្រទេស បានបោសសម្អាតភ្នាក់ងារចោរកម្ម ដាក់ពង្រាយកងទ័ពតាមព្រំដែន។ ស្របពេលប្រទេសជាតិជួបប្រទះគ្រោះអាសន្ន នៅមានឮសំឡេងឈឺចាប់ ខ្លោចផ្សា និងអស់សង្ឃឹមលាយឡំនឹងទឹកភ្នែករបស់ប្រជាពលរដ្ឋ សំលៀកបំពាក់ខ្មៅតោកយ៉ាក រូបកាយស្គមស្គាំង ខ្វះជម្រក និងខ្វះអាហារផងដែរ។

ឯកឧត្តមក៏បានបន្តទៀតថា ដោយសារការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព ទើបមានសេចក្តីសុខ សុភមង្គលនៅក្នុងក្រុមគ្រួសារ ប្រជាពលរដ្ឋរួចចាកផុតពីជាភាពក្រលំបាកដោយមានការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយសារប្រទេសជាតិរួចពីសង្គ្រាមទើបមាននយោបាយឈ្នះ ឈ្នះមាន៣សំខាន់ៗ ១.មិនសម្លាប់ ២.មុខរបរនិងអាជីព ៣.អចលនទ្រព្យ។ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពយូរអង្វែងសូមបងប្អូនត្រូវចេះការពារសន្តិភាពឲ្យបានគ្រប់គ្រាន់ ពិសេសកុំបំផ្លាញសុភមង្គលក្រុមគ្រួសាររបស់ខ្លួន ណែនាំដល់កូនចៅឲ្យដឹងពីទុក្ខលំបាករបស់បងប្អូន ពីសម័យសង្គ្រាមធ្វើអោយបងប្អូនយើងឈឺចាប់យ៉ាងខ្លាំងមិនអាចបំភ្លេចបាន។

ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើ ឱ្យបងប្អូនទាំងអស់អញ្ជើញចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីការពារនូវជំងឺកូវីដ-១៩។ការធ្វើដំណើរទៅណាមកណាត្រូវប្រុងប្រយ័ត្ន ពិសេសពាក់មួកសុវត្ថិភាពកុំឱ្យមានគ្រោះថ្នាក់ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នចំពោះបាតុភាពផ្សេងៗដែលកើតឡើងជាយថាហេតុ។