ឯកឧត្តមបណ្ឌិត ជា ចាន់តូ ចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកំពង់ធំ ដើម្បីពង្រឹងណែនាំប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា


ឯកឧត្តម បណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ បានចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណ៦៥០នាក់ ក្នុងឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧភា ឆ្នាំ០២២ ដើម្បីពង្រឹងក៏ដូចជាណែនាំប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាងឯកឧត្តមក៏បានណែនាំ ប្រជាពលរដ្ឋគ្រប់រូបមានឈ្មោះបោះឆ្នោត គឺមានសិទ្ធិជ្រើសរើស គណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវមានន័យថា បានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែងគណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់ សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង៣០ឆ្នាំកន្លងមក។

ឯកឧត្តមបានបន្ដថា ក្នុងរយៈពេលនេះប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឲ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើយកគណបក្សដែលមានគោលនយោបាយស្របជាមួយឆន្ទ:ប្រជាពលរដ្ឋ កាលៈទេសៈសង្គម ដើម្បីប្រជាជន រស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តជារៀងរហូត៕