បុណ្យ «វិសាខបូជា» ជាបុណ្យធំមួយក្នុងវិស័យព្រះពុទ្ធសាសនា
——————-
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅរដ្ឋបាលខេត្តកំពង់ធំបានរៀបចំនូវព្រឹត្តិការណ៍បុណ្យវិសាខបូជាដែលត្រូវបានរៀបចំឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្រោមវត្តមាននិមន្ត និងអញ្ជើញចូលរួមមាន ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត និង និមន្តចូលរួមពីព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណ:ថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រមទាំងមន្ត្រីសង្ឃជាច្រើនព្រះអង្គ លោក លោកស្រីដែលជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ពុទ្ធបរិស័ទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុស្ស ជាច្រើនទៀត។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបុណ្យវិសាខបូជា ជាថ្ងៃបុណ្យជាតិរបស់ប្រទេស។ នៅឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ជិត ២០០ប្រទេស បានអនុម័តជាឯកច្ឆន្ទទទួលស្គាល់ និងចាត់ទុកបុណ្យវិសាខបូជារបស់ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិផងដែរ ដែលមានបណ្តាប្រទេសជាច្រើនបានគោរពប្រតិបត្តិ ក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ ដោយឡែកនៅក្នុងខេត្តកំពង់ធំ ក៏បានរៀបចំប្រារព្ធធ្វើពិធីនេះឡើងយ៉ាងឱឡារឹកឧត្តមឧត្តុង ដែលប្រារព្ធនៅថ្ងៃ១៥ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ដោយដង្ហែក្បួនចេញដំណើរថ្មើជើង ចាប់ពីថ្នល់បំបែកខេត្តសៀមរាប-ព្រះវិហារ ទៅកាន់រង្វង់មូលបល្ល័ង្ក រួចត្រលប់មកវត្តកំពង់ធំវិញ។