អំពីប្រធានបទ “ប្រាសាទសំបូរព្រៃគុក”
ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ជាទិវាប្រវត្តិសាស្ត្រមួយដែលនាំមកនូវមោទនៈភាពដ៏ អស្ចារ្យ សំរាប់ ប្រជាជន នៃប្រជាជាតិកម្ពុជាយើង ដោយអង្គការយូណេស្កូ (UNESCO) បានសម្រេចចុះ ប្រាសាទ សំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
តំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌទី៣ហើយ បន្ទាប់ពី (តំបន់ប្រាសាទអង្គរត្រូវបាន បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២ និងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨)។
តាមសាររបស់ សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ជាក់ថា ការកសាងឯកសារពាក់ព័ន្ធ និង (តំបន់ប្រាសាទសំបូរព្រៃគុក) តាំងពីឆ្នាំ២០១២ ការងារ សម្រិតសម្រាំងបានម៉ត់ចត់ នៅឆ្នាំ២០១៣ តាមទិសណែនាំស្តីអំពីការអនុវត្តន៍ អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌពិភពលោក ហើយសំណើរជាផ្លូវការបានធ្វើក្នុងឆ្នាំ២០១៦ និងអង្គការយូណេស្កូ សម្រេចនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការចុះបញ្ជីនេះគឺជាមហាសមិទ្ធិផល និង ជាកិត្យានុភាពដ៏ខ្ពស់ត្រដែត ដោយការខិតខំប្រឹងប្រែងប្រកបដោយវីរៈភាព របស់រាជរដ្ឋាភិបាល ជាប់មិនដាច់ពីគណបក្សប្រជាជនកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ ប្រជាជន ព្រះសង្ឃ គ្រប់ខេត្ត រាជធានី វាយគង ទូងស្គរ គោះត្រដោក ឲ្យខ្ទរខ្ទារដើម្បី អបអរសាទរ នូវ ជោគជ័យ ជាប្រវត្តិសាស្ត្រនេះ ។
ប្រាសាទសំបូរព្រៃគុក តាមប្រវត្តិសាស្ត្របានកសាងឡើងនៅ សតវត្ស ទី៦ – ទី៧ (អំឡុងឆ្នាំ៦០០ នៃ គ.ស របស់ព្រះបាទស្រីមហេន្ទ្រវរ្ម័ន ទ្រង់ព្រះនាម ចិត្រវរ្ម័ន ត្រូវជាបិតា ព្រះបាទឦសានវរ្ម័ន ។ ព្រះបិតាព្រះអង្គទ្រង់មានព្រះមហាកិត្តិយស ព្រោះព្រះអង្គ មាន សេចក្តីក្លាហានបំផុត ។ តាមសិលាចរឹកយើងអាចដឹងផងដែរ គេប្រៀបធៀបព្រះអង្គទៅនឹង (រាជសីហ៍នៅលើភពផែនដី ជាអ្នកកម្ទេចកំលាំងបច្ចាមិត្តឈ្លានពាននៅខាងជើងភ្នំដងរែក នៅភាគ ខាងត្បូងមាននគរភ្នំ និងអង្គរបុរី នៅខេត្តព្រៃវែង ខេត្តតាកែវ (សិលាចរឹក) សតវត្សទី៦ ដល់សតវត្សទី៨ នៃ គ.ស ។ ជាពិសេសនៅរាធានីសំបូរព្រៃគុក ជានិមិត្តរូបនៃការបង្រួបបង្រួមរវាង ចេនឡាដីគោក និងចេនឡាទឹកលិច ។
ព្រះបាទឦសាន្តវរ្ម័ន រាជធានីរបស់ព្រះអង្គគឺ ឦសានបុរៈ ឬសំបូរព្រៃគុក ដែលមានទីតាំង នៅជិតដងស្ទឹងសែន ខេត្តកំពង់ធំ (ប្រាសាទសំបូរព្រៃគុក) តាមលោកសេដេស ជាអ្នកនិពន្ធប្រវត្តិ សាស្ត្រប្រទេសកម្ពុជា ជាជនជាតិបារាំង មានន័យថា (ប្រាសាទ ឬគុក ជាទីងងឹត សំរាប់អប់រំចិត្ត ឬជាទីគោរពបូជាដ៏ស្ងប់ស្ងាត់សំរាប់អប់រំផ្លូវចិត្ត) ។
សូមបញ្ជាក់ថា ក៏ដូចបិតាព្រះអង្គដែរ ព្រះបាទឦសានវរ្ម័ន បានបញ្ជូនប្រតិភូទូតខ្មែរ ទៅកាន់ ប្រទេសចិននៅឆ្នាំ ៦១៦ នៃ គ.ស ក្នុងរាជ្យស្តេចស៊ុយ ។ ទំនាក់ទំនងការទូតនេះ ត្រូវបាន រំលឹក៤ដងទៀត ក្នុងរាជ្យស្តេចថាំង ក្នុងចន្លោះឆ្នាំ ៦២៧-៦៩៨ នៃ គ.ស ។ (សិលាចរឹកត្រូវបាន គេរកឃើញនៅប្រទេសសៀម និងប្រទេសលាវ) ។