ពិធីប្រកាសតែងតាំងអភិបាលរងស្រុកបារាយណ៍


ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋបាលស្រុកបារាយណ៍ បានរៀបចំពិធីប្រកាសតែងតំាង និងផ្ទេរភារកិច្ចជូនលោក សុទ្ធ ម៉ារី និងលោកស្រី ឱក សំណាង ជាអភិបាលរងស្រុក ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួម អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានលើកពីរបាយការណ៍សំខាន់ ជុំវិញការអភិវឌ្ឍន៍ជុំវិញស្រុកបារាយណ៍រួចមក ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ស្រុកបារាយណ៍ គឺជាស្រុកមួយដែលមានកំណើនប្រជាជនច្រើនជាងស្រុកដទៃ ក្នុងចំណោមក្រុងស្រុកទំាង៨ ជាមួយគ្នានោះដែរ ឯកឧត្តម បានស្នើឲ្យគ្រប់គណបក្សនយោបាយទំាងអស់ចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ សូមមន្ត្រីទាំងអស់ត្រូវអនុវត្តន៍តាមតួនាទី ភារកិច្ច របស់ខ្លួនដោយមានការទទួលខុសត្រូវខ្ពស់ ត្រូវមានរបបប្រជុំការងារជាមួយមន្ត្រីក្រោមឱវាទឲ្យបានច្បាស់លាស់ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ត្រូវពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាពឲ្យបានឆាប់រហ័សដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការដែលផ្តល់ភាពងាយស្រួលនិងមានការចូលរួមពីអ្នកប្រើប្រាស់សេវា សំដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន ជឿនលឿន ឲ្យបានឆាប់រហ័ស។

ឯកឧត្តម ឈុន ឈន់ មានប្រសាសន៍លើកឡើងថា សូមឲ្យមន្ត្រីទាំងអស់រៀបចំឥរិយាបថឲ្យបានសមរម្យ ថ្លែថ្នូរ និងបម្រើសេវាកម្មអត្តសញ្ញាណជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ជៀសវាងមានការរំាងស្ទះដោយប្រការណាមួយ ជាពិសេស រួមគ្នាអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព កុំឲ្យមាននូវអំពើចោរកម្ម លួច ឆក់ ប្លន់ ជាដើម ដើម្បីឲ្យប្រជាពលរដ្ឋបានរស់នៅបានសុខដុមរម្យនា។

លោក សុទ្ធ ម៉ារី ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា អប់រំចិត្តឲ្យបានត្រឹមត្រូវ ប្រកាន់ភ្ជាប់នូវគុណធម៌ យុត្តិធម៌ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើនការអភិវឌ្ឍន៍ ប្រទេសជាតិ គោរពច្បាប់រដ្ឋធម្មនុញ្ញ គោរព និងអនុវត្តតាមតួនាទីភារកិច្ច ការងារចាត់តំាង និងណែនាំរបស់ថ្នាក់លើ ប្តេជ្ញាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយមិនមានភាពរើសអើង បន្តនិរន្តភាពការងារក្នុងរដ្ឋបាលស្រុក ដោយពង្រឹងគុណភាព បច្ចេកទេស គោរពពេលវេលា៕

photo_2017-08-30_09-44-01 photo_2017-08-30_09-44-03 photo_2017-08-30_09-44-06 photo_2017-08-30_09-44-08 photo_2017-08-30_09-44-32 photo_2017-08-30_09-44-39 photo_2017-08-30_09-44-42 photo_2017-08-30_09-44-45