ជីវប្រវត្ដិរបស់សម្តេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម


សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​កិត្តិ​ព្រឹទ្ធបណ្ឌិត ជា ស៊ីម គឺជា​អ្នក​នយោបាយ​វ័យ​ចំណាស់​លេចធ្លោ​មួយ​រូប​នៅក្នុង​ប្រទេស​កម្ពុជា ។ លោក​ទទួលបាន​ការគោរព​ស្រលាញ់​ពី​ប្រជាពលរដ្ឋ​ជា​ទូទៅ ពី​ថ្នាក់ដឹកនាំ​ជាតិ និង   ​អន្ដរជាតិ​នៅក្នុង​ប្រទេស​ ​និង​លើ​ពិភពលោក​ ។ លោក​បាន​ក្លាយជា​ប្រធាន​រដ្ឋសភា​ចាប់តាំងពី​ឆ្នាំ ១៩៨១ ដល់ ១៩៩៨ ហើយ​បាន​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​មួយ​ឆ្នាំ​បន្ទាប់ គឺ​ចាប់តាំងពី​ឆ្នាំ ១៩៩៩ រហូតមកដល់​ឆ្នាំ​២០១៥​នេះ ។ ក៏ប៉ុន្ដែ​ដោយសារមាន​បញ្ញា​សុខភាព​នៅ​រយៈពេល​ចុងក្រោយ​នេះ សម្តេច ជា ស៊ីម តែងតែ​អ​វត្ដ​មាន​ពី​ការងារ ដោយ​ប្រគល់​ភារកិច្ច​ទៅ​អនុប្រធាន​ព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ ជំនួស​វិញ ។​

​          សម្តេច ជា ស៊ីម បាន​កើតចេញ​ពី​ត្រកូល​​កសិករ​ក្នុងស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​១៩៣២ ។ ឪពុក​របស់​លោក​មាន​ឈ្មោះ ជា សៅ ហើយ​ម្ដាយ​ឈ្មោះ ប៉ែន ណាវ ដែល​ពួកគាត់​ប្រកប​របរ​ធ្វើស្រែ​ចម្ការ ។ លោក ជា ស៊ីម ជាកូន​ទី​បី​ក្នុង​គ្រួសារ​ដែល​មាន​កូនប្រុស​បួន​នាក់ និង​កូនស្រី​ម្នាក់ ។ កូន​បង​គេ​បង្អស់​ជា​កូនប្រុស​មានឈ្មោះ ជា សន កូន​ទី​ពីរ ជា នូ ជា​កូនស្រី កូន​ទី​បី​គឺ​ ជា ស៊ីម កូន​ទី​បួន ឈ្មោះ ជា ផន ជា​កូនប្រុស និង កូនប្រុស​ពៅ​ឈ្មោះ ជា ផុន ។​

​          កាល​ពី​កុមារភាព ដោយសារ​តែ​ស្រលាញ់​វប្បធម៌​ខ្មែរ និង​ព្រះពុទ្ធសាសនា សម្តេច ជា ស៊ីម បាន​ទៅ​បួស​ធ្វើជា​សាមណេរ ដើម្បី​ទទួលបាន​ការសិក្សាអប់រំ​នៅក្នុង​វត្ដ​អារាម ។ លោក​បាន​បញ្ចប់​កម្រិត​សិក្សា​មធ្យម​ទូទៅ​ពី​ពុទ្ធិក​មធ្យមសិក្សា និង​សាលា​នយោបាយ​ជាន់ខ្ពស់ បណ្ឌិត​កិត្តិយស​ខាង​ទស្សនៈវិជ្ជា ។​

​          នៅ​ចន្លោះ​ឆ្នាំ ១៩៥១ ដល់ ១៩៥៤ លោក ជា ស៊ីម បាន​ចូលរួម​ក្នុង​ចលនា​បដិវត្ដន៍​របស់​ខ្មែរឥស្សរៈ​ដើម្បី​ជួយ​ស្វែងរក​ឯករាជ្យ​សម្រាប់​ប្រទេស​កម្ពុជា ។​

​          នៅក្នុង​ឆ្នាំ ១៩៥៥ លោក​បាន​រៀបការ​ជាមួយ​ស្ដ្រី​ម្នាក់ ឈ្មោះ ញ៉ែម សឿន ។ ​ទាំង​ពីរ​រស់នៅ​ជាមួយគ្នា​ដោយ​បាន​បង្កើត​បាន​កូន​៧​នាក់ កូនប្រុស​៤​នាក់ និង​កូនស្រី​៣​នាក់ ។ កូនច្បង​របស់​គាត់​ឈ្មោះ ជា សាក ភេទ​ប្រុស កូន​ទី​ពីរ ឈ្មោះ ជា សំអាត ភេទ​ស្រី កូន​ទី​បី ឈ្មោះ ជា សំ​អេង ភេទ​ស្រី កូន​ទី​បួន​ឈ្មោះ ជា ប៉ិន ភេទ​ស្រី កូន​ទី​ប្រាំ​ឈ្មោះ ជា ធា ភេទ​ប្រុស កូន​ទី​ប្រាំមួយ​ឈ្មោះ ជា ថា ភេទ​ប្រុស និង​កូន​ទី​ប្រាំពីរ​ឈ្មោះ ជា សុមា​ធី ភេទ​ប្រុស ។​

​          ចាប់ពី​ឆ្នាំ ១៩៥៤ ដល់ ឆ្នាំ​១៩៧៥​    ​សម្តេច ជា ស៊ីម បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ​ខ្មែរ​ឥស្សរៈ ហើយ​ត្រូវបាន​តែងតាំង​ជា​មេឃុំ និង​ចៅហ្វាយស្រុក​ជា​បន្ដបន្ទាប់ ។​

​          នៅក្នុង​របប​ប៉ុល ពត ចន្លោះ​ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៨ លោក​នៅតែ​តស៊ូ​ប្រឆាំង​ជា​លក្ខណៈ​សម្ងាត់ និង​បើកចំហរ​ទៅ​នឹង​របប​នេះ ។ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ លោក​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ។ ការតែងតាំង​នេះ​ដោយសារតែ​លោក​ត្រូវបាន​គេ​មើលឃើញ​ពី​ប្រវត្តិ​តស៊ូ និង​តួនាទី​របស់​លោក​​ពី​អតីតភាព ។ នៅ​ចន្លោះ​ឆ្នាំ​១៩៧៨ និង​១៩៧៩ លោក​បាន​បាត់​បង់​កូនប្រុស​ច្បង​ជា​ទី​ស្រឡាញ់​របស់លោក​គឺ លោក ជា សាក់ និង​បងប្អូន​បង្កើត​របស់​លោក​គឺលោក ជា សន លោក ជា ផន និង ជា ផុន​។ ពួកគេ​ត្រូវបាន​​ចាត់ទុកជា​វីរៈបុរស​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ។​

​          បន្ទាប់មក ពី​ថ្ងៃ​៧ ខែ​មករា ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ​១៩៨១ លោក ជា ស៊ីម ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រជាជាតិ​បដិវត្ត​កម្ពុជា និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ។​

​          ចាប់ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៩៣ រយៈពេល​១២​ឆ្នាំ លោក​ក៏​មាន​តួនាទី​ជា​ប្រធាន​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា ជា​តំណាងរាស្ដ្រ​ខេត្ដ​ព្រៃវែង និង​ជា​ប្រធានរដ្ឋសភា​នៃ​រដ្ឋ​កម្ពុជា ។​

​          ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៩​    ​លោក​ត្រូវបាន​ជ្រើសរើស​ជា​តំណាងរាស្ដ្រ​មណ្ឌល​ភ្នំពេញ និង​ក្រោយមក​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​នូវ​គោ​រម្យ​ងារ​ជា សម្ដេច ជា ស៊ីម ។​

​          ថ្ងៃទី ១១ ខែ​មិនា ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០១៥ ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

កាលបរិច្ឆេទ​សំខាន់ៗ​របស់សម្តេច ជា ស៊ីម​

​អតីតភាព​ការងារ​របស់​លោក ជា ស៊ីម មុន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​៖

​ចន្លោះ​ឆ្នាំ​១៩៤៧ ដល់ ១៩៥៤ ​ចូលរួម​ក្នុង​ចលនា​តស៊ូ​ខ្មែរឥស្សរៈ​
​ចន្លោះ​ឆ្នាំ ១៩៥១ ដល់ ១៩៥៤ បម្រើ​ក្នុង​ចលនា​តស៊ូ​ខ្មែរឥស្សរៈ ដើម្បី​ឯករាជ្យ​មាតុភូមិ​កម្ពុជា
ចន្លោះ​ឆ្នាំ ១៩៧០ ដល់ ១៩៧៥ បម្រើ​ក្នុង​ចលនា​តស៊ូ​ស្នេហា​ជាតិ និង​បន្ដបន្ទាប់​ជា​ប្រធាន​ឃុំ ប្រធាន​ស្រុក
ចន្លោះ​ឆ្នាំ ១៩៧៥ ដល់ ១៩៧៨ តស៊ូ​សម្ងាត់ និង​ចំហ​ប្រឆាំង​របប​ប៉ុលពត
​ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៧៨ ក្លាយ​ជា​អនុប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា
​ពី​ឆ្នាំ ១៩៧៩ ដល់ ១៩៨១  ជា​សមាជិក​ក្រុមប្រឹក្សា ប្រជាជន​បដិវត្ដន៍​កម្ពុជា និង ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ
ពី​ឆ្នាំ ១៩៨១ ដល់ ១៩៩៣  ជា​ប្រធាន​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា ជា​តំណាងរាស្ដ្រ​ខេត្ត​ព្រៃវែង និង​ជា​ប្រធានរដ្ឋសភា​នៃ​រដ្ឋ​កម្ពុជា​
ថ្ងៃទី១៧ ខែតុលា ឆ្នាំ​១៩៩១ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
​ថ្ងៃទី០៥ ខែ​ឧសភា ឆ្នាំ ១៩៩៣ ជា​តំណាងរាស្ដ្រ​មណ្ឌល​ភ្នំពេញ
​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​១៩៩៣ ដល់ឆ្នាំ១៩៩៩ ជា​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា
នៅ​ថ្ងៃ​ទី​០៩ ខែ វិច្ឆិកា ឆ្នាំ​១៩៩៣  ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​នូវ​គោ​រម្យ​ងារ​ជា សម្ដេច
​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ១៩៩៨ ជា​តំណាងរាស្ដ្រ​មណ្ឌល​ភ្នំពេញ​ម្ដងទៀត
​ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៩៨ លាលែង​ពី​សមាជិក​រដ្ឋសភា​មណ្ឌល​ភ្នំពេញ
ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​១៩៩៩ ដល់​២០១៥ ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​បទពិសោធន៍​សំខាន់ៗ​ជា​សមាជិក​ព្រឹទ្ធសភា​៖

​ថ្ងៃទី​០២ ខែមិនា ឆ្នាំ​១៩៩៨ ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ទស្សនៈវិជា្ជ ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ​ពី The Southern California University
​ថ្ងៃទី១១ ខែមិនា ឆ្នាំ​១៩៩៩  ​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​១
​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៦ ​ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​ព្រឹទ្ធសភា ភូមិភាគ​ទី​១ មណ្ឌល​ភ្នំពេញ​
ថ្ងៃទី ២០ ខែ​មិនា ឆ្នាំ​២០០៦  ​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​២
​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០០៧  ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​នូវ​គោរមងារ​ជា​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម
​ថ្ងៃទី​២១ ខែតុលា ឆ្នាំ ២០០៩  ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​តម្លើង​ឋានន្ដរស័ក្ដិ​ថ្នាក់​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ​
​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ ២០១០  បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​វិស័យ​កសិកម្ម ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វប្បធម៌​ពិភពលោក​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១០  បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស ទស្សនៈវិជ្ជា ផ្នែក ភាពជា​អ្នកដឹកនាំ​ជាន់ខ្ពស់​កិច្ចការ​ព្រឹទ្ធសភា ពី​សាកលវិទ្យាល័យ ឌឹ អូផិន សឺ​មី​នែ​រី នៃ​រដ្ឋ​កាលីហ្វ​រញ៉ា សហរដ្ឋអាមេរិក

​គ្រឿង​ឥស្សរិយយស ដែល​លោក ជា ស៊ីម ទទួលបាន​៖

​ថ្ងៃ​ទី ១៦ ខែ​ធ្នូ ឆ្នាំ​១៩៩២ មុនិ​សា​រាភ័ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍​
​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០០១ ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​
​ថ្ងៃ​ទី២៩ ខែ​កញ្ញា ឆ្នាំ​២០០១ សុវត្ថា​រា ថ្នាក់​មហា​សេរី​វឌ្ឍន៍​
​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ​២០០១ ការពារជាតិ ថ្នាក់​មាស​២ ប្រាក់​២ សំរឹទ្ធ​២
​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ​២០០១ សេនា​ជ័យ​សិទ្ធ​
​ថ្ងៃទី០៧ ខែ​មិនា ឆ្នាំ​២០០៣ ជា​តូ​បការៈ
​ថ្ងៃទី២៨ ខែ​មិនា ឆ្នាំ​២០០៨ ឯករាជ្យ​ជាតិ​
​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៨  ​គ្រឿង​ឥស្សរិយយស មាស ខ្ពស់​បំផុត​ពី ឯកឧត្តម ជុម ម៉ាលី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឍឹមបក្ស​ប្រជាជនប​ដិ​វត្ត​ន៍ឡាវ និង​ជា​ប្រធានរដ្ឋសភា​ប្រធាធិបតេយ្យ​ប្រជាមានិត​ឡាវ ។​ ​កម្រិត​បណ្ដុះបណ្ដាល​មុខ​វិជ្ជាជីវៈ លើ​វគ្គ​នយោបាយ​ជាន់ខ្ពស់
​ថ្ងៃទី​០២ ខែ​មិនា ឆ្នាំ​១៩៩៨  ទទួលបាន​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​កិត្តិយស​ផ្នែក ទស្សនៈវិជ្ជា នៅ​សាកលវិទ្យាល័យ​កាលីហ្វ​ញ៉ា សហរដ្ឋអាមេរិក
​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០០៧  ទទួលបាន​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​កិត្តិយស ផ្នែក​ទស្សនៈវិជ្ជា និង​អភិវឌ្ឍន៍ ពី​សាកលវិទ្យាល័យ​ប៊ុន​រ៉ា​ត​ថា​នី នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍
​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ​២០១០ ទទួលបាន​សញ្ញាប័ត្រ​ ថ្នាក់បណ្ឌិត​កិត្តិយស​ផ្នែក​ទស្សនៈវិជ្ជា និង​ស្រាវជ្រាវ​កសិកម្ម​នៅ​សាកលវិទ្យាល័យ​ស្រាវជ្រាវ​វប្បធម៌​ពិភពលោក​ពី​ សាធារណរដ្ឋ​ចិន
​​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១០  ​ទទួលបាន​សញ្ញាប័ត្រ ​ថ្នាក់បណ្ឌិត​កិត្តិយស ទស្សនៈវិជ្ជា ផ្នែក​ភាពជា​អ្នក​ដឹក​នាំ​កិច្ចការ​ព្រឹទ្ធសភា នៅ​សាកលវិទ្យាល័យ ឌឺ​អូ​ជិន​សឺ​មី​ណឺ​រឺ សហរដ្ឋអាមេរិក ៕

11350647_459687104197206_8439174812539414582_n