ខេត្តកំពង់ធំ ទទួលបានសមាជិកគណបក្សសង្គ្រោះជាតិ ចំនួន ២០៨នាក់! ថ្ងៃនេះ ឯកឧត្តម សុខ លូ ធ្វើពិធីប្រកាសបញ្ចូលជាផ្លូវការហើយ
នៅព្រឹកថ្ងៃច័ន្ទ ១រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញជាគណអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ២០៨នាក់ ទូរទំាងខេត្តកំពង់ធំ ទំាងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ សមាជិកពេញសិទ្ធិ និងមប្រុង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ បានសូមស្វាគមន៍ចំពោះសមាជិកថ្មីដែលចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្លាយជាសាច់ឈាមតែមួយ ដោយសារតែសមាជិកទំាងអស់ មើលឃើញការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមុះមុត របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើការងារបម្រើជាតិ និងប្រជាជនយ៉ាងពិតប្រាកដ របស់អាជ្ញាធរគ្រប់ថ្នាក់នៅមូលដ្ឋាន។ ឯកឧត្តមបន្ថែមទៀតថា ការរំលាយគណបក្សសង្រ្គោះជាតិចោល ដោយតុលាការកំពូល មិនមែនមកពីអ្នកណានោះទេ គឺមកពីមេបក្សសង្រ្គោះជាតិខ្លួនឯង ដែលមានគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់ពាក្សសម្បថដែលបានស្បថមុខព្រះមហាក្សត្រ មុខព្រះស្វេត្រឆត្រ័ និងមុខព្រះភក្រ័ព្រះសង្ឃទាំងពីរគណៈ ឃុបឃិតជាមួយបរទេសចង់បង្កើតបដិវត្តន៍ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះស្របពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តាំផ្ញើដល់បងប្អូនទំាងអស់ ខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋកើនឡើងទ្វេរដង ត្រូវបន្តការសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាបំរើប្រជាពលរដ្ឋ សហការគ្នាធ្វើការងារក្នុងនាមជាតិខ្មែរតែមួយ មិនត្រូវមានការប្រកាន់និន្នការនយោបាយអ្វីឡើយ ដើម្បីបន្តការគាំទ្រ និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀត។
ឯកឧត្តមបញ្ជាក់ថា៖ គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា “សមូហភាពដឹកនាំ តែបុគ្គលទទួលខុសត្រូវ មតិភាគតិច ត្រូវគោរពមតិភាគច្រើន សមាជិកម្នាក់ៗ ត្រូវគោរពអង្គការចាត់តំាង ថ្នាក់ក្រោមត្រូវគោរពថ្នាក់លើ!” ។