ក្នុងដំណើរបេសកកម្មនៅភូមិភាគទី៨ រួមមាន ខេត្តកំពង់ធំ, ព្រះវិហារ, ស្ទឹងត្រែង, រតនគីរី, មណ្ឌលគីរី និងខេត្តក្រចេះ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានថ្នាក់ដឹកនាំភូមិភាគទី៨ សំរាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ និងជា អនុប្រធានទី២ រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុងក្នុងខេត្ត នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ ដោយបញ្ជាក់ជូនពីដំណើរបេសកកម្ម ក្នុងនាមឯកឧត្តមជាប្រធានថ្នាក់ដឹកនាំភូមិភាគទី៨ គឺអនុវត្តភារកិច្ចសំខាន់២ គឺដឹកនាំ និងសម្របសម្រួលឲ្យការអនុវត្តសកម្មភាពត្រូវតាមនីតិវិធី ច្បាប់ បទបញ្ជា ឯកសារទាំងឡាយពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ ។
អង្គប្រជុំក៏បានស្តាប់នូវសេចក្តីរាយការណ៍របស់គណបក្សខេត្តអំពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងទិសដៅសម្រាប់រយៈពេលបន្ត និង ឯកឧត្តមបណ្ឌិត ងួន ញ៉ិល រួមជាមួយអង្គប្រជុំក៏បានសម្របសម្រួលពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពីបទពិសោធន៍ បំពេញបន្ថែមដើម្បីធានាទទួលបាននូវជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ។