ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង


ព្រឹកនេះព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ នឹងយាងពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។

ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែនៅឯអាកាសយានដ្ឋាន រួមមានលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។ ក៏មានការយាង និងអញ្ជើញពីព្រះរាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឯកអគ្គរដ្ឋទូត និងមន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជាផងដែរ។

យោងតាមព្រះរាជសាររបស់អង្គព្រះមហាក្សត្រ បានគូសបញ្ជាក់ថា អំឡុងអវត្តមានរបស់ព្រះអង្គ លោក សាយ ឈុំ នឹងទទួលជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។
ក្នុងព្រះរាជសារមិនបានបញ្ជាក់ថា ព្រះអង្គ និងសម្តេចម៉ែ នឹងយាងត្រឡប់មកព្រះបរមរាជវាំងចតុមុខមង្គលនាពេលណានោះទេ។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ តែងយាងទៅប្រទេសចិនមួយដង ឬពីរដង ដើម្បីពិនិត្យព្រះរាជសុខភាព។

ព្រះរាជដំណើររបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នៅលើទឹកដីចិន ដែលជាមិត្តដ៏ស្និទ្ធស្នាលរបស់កម្ពុជានោះ ព្រះអង្គទាំងទ្វេតែងទទួលបានការទទួល និងគារវកិច្ចយ៉ាងខ្ពង់ខ្ពស់បំផុតពីប្រធានាធិបតីចិន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនមួយចំនួនទៀតផងដែរ ៕

photo_2018-02-22_09-26-41