កំពង់ធំ,ព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តកំពង់ធំមានប្រារព្ធពិធីអបអរសាទរខួបលើកទី ៦៦ ទិវា កុមារ អន្តរជាតិ ១មិថុនា និងខួបលើកទី១៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនានិងទិវាកុមារកម្ពុជាខេត្តកំពង់ធំដែលរៀបចំឡើងដោយមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តក្រោម អធិបតីភាពឯកឧត្តមសោមសុផាតអភិបាលរងខេត្តដោយមានការចូលរួមពីមន្ត្រីរាជការមកពីមន្ទីរជុំវិញខេត្តបុគ្គលិកអង្គការនានានិងសិស្សានុសិស្សសរុបជាង៣០០នាក់បន្ទាប់ពីអានសន្ទរកថានិងរបាយការណ៍ស្វាគមន៍របស់លោកអ៊ាបឈុនស្រ៊ាងអនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារួចមកលោកជំទាវសុខចន្ទធូសមាជិកក្រុមប្រឹក្សាខេត្តទទួលបន្ទុកប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តបានអាននូវសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារកម្ពុជា៕ក្នុងឳកាសនោះដែរឯកឧត្តមសោមសុផាតអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តបានយកវេទិការនេះដើម្បីធ្វើការអំពាវនាវដល់៖
១.គ្រប់ស្ថាប័នរដ្ឋទាំងអស់ត្រូវបន្តលើកកម្ពស់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យសុខាភិបាលនិងវិស័យអប់រំធ្វើយ៉ាងណាឲ្យកុមារយើងមានសុខភាពល្អនិងមានចំណេះដឹងជ្រៅជ្រះ។
២.ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដៃគូរអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិនិងសហគមន៍សូមបន្តការឧបត្ថម្ភគាំទ្រនិងចូលរួមដោះស្រាយរាល់បញ្ហានានារបស់កុមារ។
៣.មាតាបិតាលោកគ្រូអ្នកគ្រូទាំងអស់សូមផ្តល់នូវសេចក្តីស្រលាញ់ការសណ្តោសប្រណីនិងការចិញ្ចឹមបីបាច់ទំនុកបំរុងតាមរយៈផ្តល់ការអប់រំចំណេះដឹងនិងសេវាផ្សេងៗទៀតដល់កុមារ។
៤.ក្មួយៗកុមារាកុមារីទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់បង្គាប់ឳពុកម្តាយលោកគ្រូអ្នកគ្រូចាស់ព្រឹទ្ធាចារ្យនិងត្រូវខិតខំរៀនសូត្រដើម្បីក្លាយជាកូនល្អសិស្សល្អមិត្តល្អពលរដ្ឋល្អនិងជាសសរទ្រូងរបស់ប្រទេសជាតិ។
៥.ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្តត្រូវបន្តពង្រឹងសកម្មភាពរបស់ខ្លួនក្លាយជាយន្តការសម្របសម្រួលនិងផ្តល់យោបល់ជូនអភិបាលខេត្តលើការងារទាក់ទងនឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារទាំងបួនព្រមទាំងតាមដានវាយតម្លៃការរីកចម្រើននៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនិងធ្វើរបាយការណ៍ពីស្ថានភាពកុមារជូនថ្នាក់លើ។
ជាចុងក្រោយគណៈអធិបតីបានជូនវត្ថុអនុស្សាវរីយ៍ដល់កុមារាកុមារីទាំងអស់ក្នុងពិធីដ៏អធិកអធមនោះផងដែរ។
(ដោយតេជោមាស)