សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែងសេចក្តីរីករាយនៅពេលគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា គណបក្សប្រជាជនកម្ពុជាបានឈ្នះនាំមុខយ៉ាងខ្លាំងនៅក្នុងភូមិភាគទាំង៨នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០១៨នេះ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «តាមការប្រកាសលទ្ធផលជំហានបឋមដំបូងនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទីអាទិត្យទី ២៥ កុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ គឺបានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា យើងបានឈ្នះនាំមុខយ៉ាងខ្លាំងបំផុតនៅក្នុងភូមិភាគទាំង៨»។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរអរគុណដល់សមាជិកសមាជិការគណបក្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដែលតែងតែគាំទ្រ និងបោះឆ្នោតឱ្យតែគណបក្សប្រជាជនជារៀងរហូតមក ដើម្បីដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខជាបន្តទៀត។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០១៨កន្លងទៅនេះត្រូវបានបែងចែកជា៨ភូមិភាគ ហើយមានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែងដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររូបរួមជាតិ៕