អភិបាលខេត្តកំពង់ធំ ណែនាំឲ្យភាគីពាក់ព័ន្ធទំាងអស់ត្រូវសហការគ្នាដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាបន្ទាន់
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាទំនាស់ដីធ្លី ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈជាច្រើន ដូចជា ករណីពាក់ព័ន្ធនឹងការកំណត់ធ្វើប្រព័ន្ធលូរំដោះទឹកមាត់ហាវ ក្រុងស្ទឹងសែន និង ស្វែងរកដំណោះស្រាយបញ្ហាដីធ្លីនានាដែលកំពុងកើតមានក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំ និងបានជំរុញឲ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ក្រុងស្រុក ត្រូវមានការសហការគ្នាជាមួយភាគីពាក់ព័ន្ធ ត្រូវប្រមូលបញ្ជីរាយនាមពីគ្រួសារណា ដែលបានដោះស្រាយរួច គ្រួសារណាដែលមិនទាន់បានដោះស្រាយរួច ដើម្បីជាមូលដ្ឋានក្នុងការសិក្សាដោះស្រាយបញ្ហានេះបន្ថែមទៀត។
ឯកឧត្តមបន្ថែមទៀតថា បញ្ហាទំនាស់ដីធ្លី តែងតែកើតមានស្ទើរគ្រប់ទីកន្លែង រហូតមានការប្តឹងផ្តល់គ្នាទៅវិញទៅមក ដោយសារព្រំដីបន្តិចបន្ទួច និងការកាប់ឆ្ការរុករានដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ ត្រង់ចំណុចនេះ សូម ភាគីដែលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ កុំឲ្យកើតមានបញ្ហានេះតទៅទៀត បងប្អូនមានបញ្ហាអ្វីដែលកើតឡើង គប្បីរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដែលជាម៉ែ ជាឪ កុំធ្វើអ្វីមួយប្រថុយប្រថាន នាំគ្រោះថ្នាក់ និងនាំឲ្យប៉ះពាល់ដល់ផ្នែកច្បាប់។
ឯកឧត្តមបញ្ជាក់ថា ចំពោះមន្ត្រីនៃមន្ទីរ រៀបចំដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវពន្លឿនក្នុងការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានឆាប់រហ័ស ដើម្បីឲ្យពួកគាត់ទទួលបានប័ណ្ណកម្មសិទ្ធិដោយស្របច្បាប់ គ្មានការភ័យខ្លាច។ ដោយអនុវត្តស្របតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា។ ហេតុនេះហើយបានជាសម្តេចតេជោ ហ៊ុន សែន ខិតខំពុះពារសំដៅធ្វើយ៉ាងណា ឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះ រស់នៅប្រកបដោយសុខមាលភាព សុវត្ថិភាព ស្ថេរភាពនៅក្នុងសង្គម។