អភិបាលខេត្តកពង់ធំ ឲ្យក្រុមហ៊ុនទាំងអស់ក្នុងខេត្តកំពង់ធំ គោរពតាមលក្ខខណ្ឌវិនិយោគរបស់ប្រទេសកម្ពុជា
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងជាសាធារណៈថា ក្រុមហ៊ុនទាំងអស់នៅក្នុងខេត្តកំពង់ធំ ដាច់ខាតត្រូវតែគោរពតាមលក្ខខណ្ឌវិនិយោគរបស់ប្រទេសកម្ពុជា ជាពិសេសនោះការផ្តល់នូវសេចក្តីសុខជូន កម្មករ កម្មការនី ដែលបម្រើការនៅក្នុងក្រុមហ៊ុន។
ក្នុងការចុះសួរសុខទុក្ខ បងប្អូនកម្មករ កម្មការនី ដែលត្រៀម និងកំពុងបម្រើការងារក្នុងតំបន់ចំការកៅស៊ូ របស់ក្រុមហ៊ុន បារៀ និង ភឿកហ្វា ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ឯកឧត្តម សុខ លូ ថ្លែងជាសាធារណៈ ទៅកាន់ភាគីក្រុមហ៊ុនថា ដាច់ខាតត្រូវតែគោរពតាមលក្ខខណ្ឌវិនិយោគរបស់ប្រទេសកម្ពុជា ជាពិសេសនោះការផ្តល់នូវសេចក្តីសុខជូន កម្មករ កម្មការនី ដែលបម្រើការនៅក្នុងក្រុមហ៊ុន ដោយមិនអនុញ្ញាត្តិឲ្យក្រុមហ៊ុន គៀបសង្កត់លើ កម្មករកម្មការិនីរបស់ពលរដ្ឋខ្មែរណាម្នាក់ឡើយ បើមិនដូច្នោះទេ ភាគីក្រុមហ៊ុន នឹងទទួលខុសត្រូវចំពោះមុខច្បាប់។ ឯកឧត្តម បន្តថា កិច្ចសន្យារបស់ក្រុមហ៊ុនដែលបានមកធ្វើការវិនិយោគ គឺជាមូលដ្ឋានដែលមានលក្ខណៈច្បាស់លាស់ជាលាយល័ក្ខអក្សរ មិនអាចក្រុមហ៊ុនធ្វើតាមតែអំពើចិត្តបានទេ ក្នុងនោះមានទាំងការធ្វើជាផ្ទះសមរម្យសម្រាប់ ការស្នាក់នៅរបស់កម្មករ ទាំងទឹក ទាំងភ្លើង ប្រាក់កម្រៃ ឬហៅថាប្រាក់ឈ្នួល ម៉ោងពេលបម្រើការងារ ការធ្វើមន្ទីរពេទ្យសម្រាប់ព្យាបាល ព្រមទាំងការកសាងសាលារៀនសម្រាប់បណ្តុះបណ្តាល ដល់កូនចៅជំនាន់ក្រោយ ដោយមិនទុកឲ្យកូនខ្មែរណាមួយក្នុងតំបន់ចំការកៅស៊ូនេះ មិនចេះអក្សរខ្មែរនោះឡើយ។ ឯកឧត្តម បានអំពាវនាវដល់កម្មករ កម្មការនីដែលធ្វើការនៅក្នុងក្រុមហ៊ុនចំការកៅស៊ូទូទាំងខេត្តកំពង់ធំ ដោយឲ្យតម្លៃ និងគោរពលក្ខខណ្ឌការងាររបស់ខ្លួន ព្រមទាំងធ្វើសេចក្តីរាយការណ៍មកឯកឧត្តមដោយផ្ទាល់ ឬតាមរយៈអាជ្ញាធរ បើមានករណីក្រុមហ៊ុនណាមួយបំពានលើលក្ខខណ្ឌការងារ ហើយឯឧត្តមនឹងធ្វើការដោះស្រាយជូនកម្មករ កម្មការិនី ឲ្យបានទាន់ ពេលវេលា។