ព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ នៅភូមិគ្រឹះក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីកិច្ចប្រជុំ ជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ និងអស់លោក ជាប្រធានគណបក្សស្រុក-ក្រុងទាំង៨របស់ខេត្ត ដោយ ឯកឧត្តមបណ្ឌិត បានកំណត់អំពីខ្លឹមសារប្រជុំគឺ ការងារត្រៀមលក្ខណៈសម្បត្តិ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល និងអង្គប្រជុំបានស្តាប់នូវសេចក្តីរាយការណ៍របស់គណបក្សខេត្ត គណបក្សស្រុក-ក្រុងទាំង៨ និងបានធ្វើការពិភាក្សាគ្នា ហើយឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានអញ្ជើញមានប្រសាសន៍ផ្តល់អនុសាសន៍ដឹកនាំសំខាន់ៗ ដើម្បីទទួលបានជោគជ័យទៅ តាមផែនការរបស់គណបក្សថ្នាក់លើ ដែលបានដាក់ចុះ ។