ឯកឧត្តម ថោង ខុន ចុះសួរសុខទុក្ខ ពលទាហាននៃយោធភូមិភាគទី៤


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះសួរសុខទុក្ខ និងជូនពរនាយទាហាន ពលទាហាននៃយោធភូមិភាគទី៤ ខេត្តសៀមរាប ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
នៅព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង រួមជាមួយអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុន និងផ្នែកឯកជន ចុះសួរសុខទុក្ខ សំណេះសំណាល និងជូនពរដល់នាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីទាំងមូលអំពីសភាពការណ៍នយោបាយ និងការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ច សង្គម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិសេស សម្តេចតេជោតែងបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំក្នុងការជួយសម្រួល និងលើកកម្ពស់ជីវភាពរស់នៅរបស់មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីសភាពការណ៍ទេសចរណ៍កម្ពុជា និងទេសចរណ៍ខេត្តសៀមរាប ដែលមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈក្នុងរយ:ពេល២ទស្សវត្សចុងក្រោយនេះ ដោយវិស័យទេសចរណ៍ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ មុខរបរ ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៧ កន្លងមកនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៥,៦លាននាក់ កើនឡើង ១១,៨% បង្កើតប្រាក់ចំណូលជូនជាតិចំនួន ៣៦៣៨ លានដុល្លារ រួមចំណែកប្រមាណ ១៣% ក្នុងផលិតផលក្នុងស្រុកសរុប (GDP) បង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦០ម៉ឺននាក់ និងការងារដោយប្រយោលជាច្រើនម៉ឺននាក់ទៀត។
ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះយោធភូមិភាគ៤ ដែលបានចូលរួមចំណែកដ៏ខ្លាំងក្លាក្នុងការរក្សាការពារបូរណភាពទឹកដី និងការពារតំបន់បេតិកភណ្ឌអង្គរ និងតំបន់ជុំវិញ។ កងយោធពលខេមរភូមិន្ទគឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ហើយទោះបីស្ថិតក្នុងតំលៃណាក៏ដោយ គឺត្រូវការពារអោយបានរឹងមាំនូវសុខសន្តិភាព ស្ថិរភាព និងប្រឆាំងដាច់ខាតចំពោះចលនាបដិវត្តន៍ពណ៌មិនអោយកើតមាននៅកម្ពុជា។
ក្នុងឱកាសសួរសុខទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកនូវថវិកា សំភារៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលទទួលបានពីសប្បុរសជន ជូនដល់នាយទាហាន ពលទាហានយោធភូមិភាគ៤ ដែលរួមមាន ថវិកាសរុបចំនួន ៥៣.១៩៥.០០០រៀល ទឹកក្រូច ១២០កេស ទឹកបរិសុទ្ធវីតាល់ ១១២កេស ស្រាបៀកម្ពុជា ១០៨កេស មី ៥២កេសទឹកត្រី ៨០យួរ ទឹកស៊ីអ៊ីវ ៨០យួរ ត្រីខ ៥កេសធំ ប៊ីចេង ២៥គីឡូ អំបិល ១២០គីឡូ។

29791926_934683743364204_3065479199781807387_n

29598204_934683770030868_5318905171803580865_n (1)

29684127_934683800030865_3231246865384963741_n

29683794_934683826697529_7048127765101502455_n