ប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១,០៩១ នាក់ ក្នុងក្រុងស្ទឹងសែន


ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយក្រុងស្ទឹងសែន បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនៗ ដែលជាសមាជិកគណបក្សប្រជាជនថ្មី បានសំរេចចិត្តយ៉ាងត្រឹមត្រូវមកចូលរួម ក្នុងសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងបើកទ្វារជានិច្ចស្វាគមន៍ចំពោះការ ចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងន័យរួបរួមគ្នាកសាងប្រទេសយើង ឲ្យមានការអភិវឌ្ឍ កាន់តែរីកចំរើនថែមទៀត។

ឯកឧត្តមបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជាសត្រូវនោះទេ ហើយក៏មិនមានការគុំគួន ដូចគណបក្ស ខ្លះនោះទេ ផ្ទុយទៅវិញយើងនាំគ្នាកសាងប្រទេសយើង ឲ្យមានការរីកចម្រើនជឿនលឿនរុងរឿងថែមទៀត» «យើងទាំងអស់គ្នា ត្រូវពិចារណាមើល លើការជាក់ស្តែង ដែលប្រទេសជាតិយើង បានឆ្លងកាត់ និងជួបប្រទះនូវព្រឹត្តិការណ៍ដ៏មហន្តរាយ នារបបប្រល័យពូជសាសន៍ ប៉ុលពត រហូតដល់ថ្ងៃរំដោះ៧ មករា ១៩៧៩ និងបន្តអូសបន្លាយសង្គ្រាមយ៉ាងយូរ ដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ និងឯកជនជាច្រើន ពិសេសការបាត់បង់ពលរដ្ឋខ្មែរ រាប់ម៉ឺននាក់ ដោយសារតែការលូកដៃ ពីសំណាក់ពួកបរទេស»។

ឯកឧត្តម បានបន្ថែមថា ប្រទេសជាតិ បើគ្មានមេដឹកនាំ ចេះបត់បែនសមស្រម ទៅតាមសភាពការណ៍ជាក់ស្តែង នៃនិន្នាការនយោបាយ ក្នុងនិងនៅលើសកលលោក តើយើងអាចឆ្លងកាត់ព្យុះកំណាច ដ៏ឃោរឃៅយង់ឃ្នងនោះ រួចបានដែររឺទេ? ដូច្នេះត្រូវតែនាំគ្នា ចូលរួមថែរក្សានូវស្ថេរភាព សុខសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចដែលបានឃើញផ្ទាល់ និងខិតខំកសាងសាមគ្គីភាព ជាធ្លុងមួយជួយកសាងប្រទេសជាតិ ឲ្យបានឆាប់រហ័ស និងមិនឲ្យពួកបរទេសមកឈ្លានពានបានឡើយ។

ចុងក្រោយ ឯកឧត្តម សុខ លូ បានសំណូមពរដល់សមាជិកគណបក្សប្រជាជនម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា និងជួយពន្យល់ដល់បងប្អូនប្រជាពលរដ្ឋរបស់នៅតាមខ្នងផ្ទះ រាប់ទាំងសាច់ញាតិរបស់ខ្លួនផងដែរ ឲ្យពួកគាត់នាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនេះ អោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តម សុខ លូ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ជាង ១ពាន់នាក់ ដែលមកពី៨សង្កាត់ ក្នុងក្រុងស្ទឹងសែន នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅភោជនីយដ្ឋាន រស្មីច័ន្ទពេញវង្ស៕

photo_2018-05-05_09-36-50photo_2018-05-05_09-36-43

  photo_2018-05-05_09-36-55 photo_2018-05-05_09-39-26

photo_2018-05-05_09-40-24 photo_2018-05-05_09-40-35

photo_2018-05-05_09-41-16 photo_2018-05-05_09-41-20

photo_2018-05-05_09-41-40 photo_2018-05-05_09-42-19