ឯ.ឧ សុខ លូ ជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ប្រមាណជា ៩០០នាក់ នៅស្រុកកំពង់ស្វាយ


ព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ប្រមាណជា ៩០០នាក់ ក្នុងស្រុកកំពង់ស្វាយ ។ ឯកឧត្តមមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា ទោះជាមិនទាន់បានតាមការរំពឹងទុក តែលទ្ធផលទទួលបានគឺគួរឲ្យកត់សម្គាល់ ជាពិសេសគឺការកែសម្រួលលើប្រាក់បៀវត្សគ្រូបង្រៀន ដែលរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់គ្រូបង្រៀន ។ មួយជំហានម្តងៗ គ្រូបង្រៀន មានជីវភាពកាន់តែប្រសើរឡើង ដែលនាំឲ្យការងារអប់រំ កាន់តែមានប្រសិទ្ធភាព និងគុណភាព ។
ឯកឧត្តមបានបន្តទៀតថា គ្រូបង្រៀនគឺជាវិស្វករព្រលឹង ជាអ្នកបង្កើតធនធានមនុស្ស ដែលជាគ្រឹះក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងជាយុទ្ធសាស្រ្តអាទិភាពទី១ របស់រាជរដ្ឋាភិបាលដែលផ្តោតលើធនធានមនុស្ស។ គ្រូបង្រៀនមួយថ្ងៃគឺគ្រូមួយជីវិត គឺជាអ្នកមានគុណ អប់រំបណ្តុះបណ្តាល ចំណេះដឹង ចំណេះធ្វើគ្រប់បែបយ៉ាង បង្កើតធនធានមនុស្សគ្រប់ទីកន្លែង និងបានផ្តល់តម្លៃឲ្យគ្រូបង្រៀនថា ជាអាណាព្យាបាលទី២ មានគុណូបការៈ មិនអាចកាត់ថ្លៃបាន។ បើគ្មានគ្រូបង្រៀនទេ យើងនឹងមិនមានអ្វីៗទាំងអស់!
ជាទីបញ្ចប់ឯកឧត្តមនិងលោកជំទាវគណៈអធិបតី បានចែកជូននូវសៀវភៅអប់រំទូន្មានរបស់ព្រះភិរម្យភាសាអ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ដល់លោកគ្រូ អ្នកគ្រូ រួមនិងថវិកាមួយចំនួនទៀត ។ ឯកឧត្តមបានអំពាវនាវដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការជ្រើសរើសមេដឹកនាំដែលអាចនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត៕