ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកប្រាសាទសំបូរ


ព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ទ្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី ២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងជាបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ មណ្ឌលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រមាណ ១.៣០០នាក់ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ សំណេះសំណាលចំពោះ អង្គពិធីដោយបានកោតសសើរគណបក្សស្រុកប្រាសាទសំបូរដែលបានខិតខំបំពេញការងារ និងទទួលបានលទ្ធផលជាទីគាប់ចិត្តក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នេះ ។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍លើកឡើងពីវីរភាព ការធ្វើពលីកម្មគ្រប់បែបយ៉ាង និងគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជាដែលមានប្រភពកើតចេញពីចលនាតស៊ូរបស់ប្រជាជនស្នេហាជាតិតាំងពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១ ក្នុងបុព្វហេតុប្រឆាំងនឹងពួកអាណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ ពិសេសគឺភារៈកិច្ចបម្រើជាតិ និងប្រជាជនក្នុងរយៈពេលជាង៣៩ឆ្នាំ កន្លងមកនេះ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ អញ្ជើញប្រជាជនទាំងអស់ទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តទៀត ធានាបាននូវលទ្ធិប្រជាធិបតេយ្យ សន្តិភាព និង ការអភិវឌ្ឍ ជូនជាតិ និងប្រជាជន ៕