ឯកឧត្តម សុខ លូ ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក


ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ប្រមាណជាង ៥០០នាក់។

ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា យុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែស្វែងយល់អំពីគោលនយោបាយរបស់បក្ស ខិតខំចុះមូលដ្ឋានជួបប្រជាពលរដ្ឋ និងពន្យល់ពួកគាត់ នៅពេលទទួលបានសន្លឹកឆ្នោត សូមពិនិត្យមើល បើសន្លឹកឆ្នោតគ្មានបោះត្រានៅខាងខ្នង ឬមានប្រឡាក់ទឹកត្រា ទឹកខ្មៅ ត្រូវសុំដូរសន្លឹកឆ្នោតថ្មីវិញ ព្រោះសន្លឹកឆ្នោតបែបនេះត្រូវចាត់ទុកជាសន្លឹកឆ្នោតមិនបានការ។ ម្យ៉ាងវិញទៀត រាល់ការគូសសន្លឹកឆ្នោត សូមគូសសញ្ញាតែមួយ (√ ឬ + ឬ x) នៅក្នុងប្រអប់បួនជ្រុងទ្រវែង ដែលមានសញ្ញាគណបក្សប្រជាជនកម្ពុជារូបទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី ២០ លើសន្លឹកឆ្នោត។ មិនត្រូវសរសេរជាលេខ ជាអក្សរ ឬហត្ថលេខា ឬជាពាក្យអ្វី នៅលើសន្លឹកឆ្នោត និងមិនត្រូវគូសសាកទឹកប៊ិចនៅលើសន្លឹកឆ្នោត ទាំងខាងមុខ និងខាងខ្នង ដែលនាំឲ្យសន្លឹកឆ្នោតត្រូវចាត់ទុកជាមិនបានការ។

ឯកឧត្តមបញ្ជាក់ថា ការបោះឆ្នោតអាណត្តិទី៦នេះ ដែលមានរយៈពេលតែ១ថ្ងៃគត់ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ អញ្ជើញចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយសមាជិកគណបក្សប្រជាជនម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ជូនគណបក្សប្រជាជនកម្ពុជា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនេះ អោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគត់កូនចៅយើង។

លើសពីនេះ ឯកឧត្តមបន្ថែមទៀតថា ការរំលាយគណបក្សសង្រ្គោះជាតិចោល ដោយតុលាការកំពូល មិនមែនមកពីអ្នកណានោះទេ គឺមកពីមេបក្សសង្រ្គោះជាតិខ្លួនឯង ដែលមានគំនិតក្បត់ជាតិ ឃុបឃិតជាមួយបរទេសចង់បង្កើតបដិវត្តន៍ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត៕