ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកង របស់ខេត្តកំពង់ធំ តាមដងស្ទឹងសែន


តបតាមការអញ្ជើញ នារសៀលថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកង របស់ខេត្តកំពង់ធំ តាមដងស្ទឹងសែន ។
តាមគណៈកម្មការរៀបចំការប្រណាំងទូករបស់ខេត្តកំពង់ធំ ឱ្យដឹងថា ពិធីអ៊ុំទូកនេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី ០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ និងមានប្រភេទទូកង ទូកមួង ទូកខ្នាតអន្តរជាតិ និងទូកផ្កាចា សរុបចំនួន២១គូរ បានចូលរួមប្រណាំង ។
បន្ទាប់ពី ឯកឧត្តម សុខ លូ ប្រធានគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញថ្លែងសុន្ទរកថា និងប្រកាសលទ្ធផលនៃពិធីប្រណាំងទូករួចមក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ក្នុងពិធីប្រណំាងទូកនោះ ដោយបានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត សប្បុរសជន ដែលបានរៀបចំ និងឧបត្ថម្ភ ដល់ពិធីនេះ ។
ជាមួយនឹងបរិយាកាសសប្បាយរីករាយ និងសុខសន្តិភាព នៃពិធីអ៊ុំទូកថ្នាក់ខេត្តនៅពេលនេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានថ្លែងអំណរគុណចំពោះប្រជាជនទូទាំងខេត្តកំពង់ធំ ដែល បានគាំទ្រគណបក្សប្រជាជនកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៦ នៃរដ្ឋសភានេះ ។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានអញ្ជើញមានប្រសាសន៍អំពីប្រវត្តិនៃពិធីបុណ្យអ៊ុំទូក លយប្រទីប និងអកអំបុក សំពះព្រះខែ ដែលជាកេរ្តិ៍ដំណែលដ៍ថ្លៃថ្លាពីបុរាណកាលរបស់ដូនតាខ្មែរយើង ។ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងកីឡាករ-កីឡាការនីអ៊ុំទូកទាំងអស់ ត្រូវប្តេជ្ញាចិត្តយកជ័យជំនះ កិត្តិយស និងត្រូវគោរពវិន័យ បទបញ្ជានានារបស់គណៈកម្មាធិការរៀបចំបុណ្យជូនខេត្តកំពង់ធំ នៅពេលទៅចូលរួមក្នុងព្រះរាជពិធីបុណ្យនេះ នៅរាជធានីភ្នំពេញ នាថ្ងៃទី ២១-២៣ ខាងមុខនេះ ។