(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ធំបានបើកយុទ្ធនាការទ្រង់ទ្រាយ ធំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្រុងស្រុកចំនួន ៤ រួមមាន ក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ក្នុងខេត្តកំពង់ធំ រីឯស្រុកទាំង៥ ផ្សេងទៀត នឹងចាប់ផ្តើមនៅចុងខែកក្កដា និងដើមខែ សីហានេះ។
នាព្រឹកនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី ក៏បានអញ្ជើញ ចុះត្រួតពិនិត្យ ទៅទីតាំងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងការផ្ដល់ វ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ធំ។
ឯកឧត្តមបន្ថែមទៀតថា បងប្អូនប្រជាពលរដ្ឋសូមកុំព្រួយបារម្ភថាខ្វះវ៉ាក់សាំង ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់វ៉ាក់សាំងមកអាជ្ញាធរខេត្តកំពង់ធំសម្រាប់ត្រៀមចាក់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នាទៅតាមដំណាក់កាល ដែលអាជ្ញាធរក្រុងស្រុកបានធ្វើការផ្សព្វផ្សាយ និងទៅតាមកាលបរិច្ឆេទកំណត់ ហើយការចាក់វ៉ាក់សាំងនេះ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ និងមិនមានគិតប្រាក់កម្រៃអ្វីឡើយ។
ឯកឧត្តមបន្តថា បងប្អូនប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនេះ សូមរក្សាគម្លាតសុវត្ថិភាព ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ។ ម្យ៉ាងវិញទៀត បន្ទាប់ពីការចាក់វ៉ាក់សាំងរួចហើយ សូមបងប្អូនកុំធ្វេសប្រហែសឲ្យសោះ ត្រូវតែគោរពនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលជាវិធានការមួយដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងសម័យកាលកូវីដ១៩ ពីព្រោះជំងឺនេះ ឆ្លងលឿនណាស់ ដែលអាចបណ្ដាលឱ្យបាត់បង់អាយុជីវិត ជាពិសេសឆ្លងមកលើមនុស្សចាស់ និងអ្នកដែលមានរោគប្រចាំកាយ។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ត្រូវជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នឹងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នានៅក្នុងកំឡុងខែកក្កដានិងខែសីហានេះ។
ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទាំងមូល សូមគោរពថ្លែងអំណរគុណដល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ យកមកចាក់ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកំពង់ធំ ដែលជាក្តីសង្ឃឹមដល់យើងទាំងអស់គ្នា ។