បុណ្យភ្ជុំបិណ្ឌ៖ ប្រភព អត្ថន័យ វិធីប្រារព្ធ កំណត់សម្គាល់នានា


ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមវិធីបុណ្យប្រពៃណី ដ៏ធំផ្សេងៗទៀតរបស់ខ្មែរ ។ តាំងពីបូរាណកាលមករហូតដល់សម័យបច្ចុប្បន្ន ប្រជាជនខ្មែរ តែងប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានម្តងណាឡើយ លើកលែងតែក្នុង របបប៉ុលពតកាន់កាប់ប៉ុណ្ណោះ ។ តើ “ ពាក្យភ្ជុំបិណ្ឌ” មានអត្ថន័យយ៉ាងដូចម្តេច? តើពិធីបុណ្យមួយនេះកកើតឡើងយ៉ាងដូចម្តេច និងស្របតាមលទ្ធិសាសនាអ្វី ? តើពិធីបុណ្យនេះ គេដំណើរការយ៉ាងដូចម្តេចខ្លះ ? ហេតុអ្វីបានជាជនជាតិខ្មែរ មានការគោរពបូជាចំពោះពិធីបុណ្យមួយនេះខ្លាំងម្លេះ
តើ “ ពាក្យភ្ជុំបិណ្ឌ” មានអត្ថន័យយ៉ាងដូចម្តេច?
១. ការពន្យល់ពាក្យ ភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ បានមកពីពាក្យ “ភ្ជុំ” និង “បិណ្ឌ” ។
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត៖
• ភ្ជុំ មានថ្នាក់ពាក្យជា កិរិយាស័ព្ទ មានន័យថា ធ្វើឲ្យជុំ, ឲ្យជួបជុំគ្នា, ឲ្យប្រជុំគ្នា, រួបរួមគ្នា, សាមគ្គីគ្នា។
• បិណ្ឌ មានថ្នាក់ពាក្យជា នាម អាចជំនួសឲ្យ ភ្ជុំបិណ្ឌបាន មានន័យថា ការប្រមូលឲ្យមូល ឬពូនឲ្យជាដុំ, ដុំ, ការចិញ្ចឹម ជីវិត, ជាឈ្មោះនៃវិធីធ្វើទានតាមប្រពៃណីម្យ៉ាងរបស់ខ្មែរ, អាហារដែលប្រមូលឲ្យជាដុំ ។
តាមសៀវភៅប្រជុំពិធីបុណ្យទាំង១២ខែ រៀបរៀងដោយក្រុមប្រជុំទំនៀមទម្លាប់ខ្មែរ លោកបានពន្យល់ថា៖
• បិណ្ឌ គឺជា ដុំបាយឬពំនូតបាយ ដែលគេឧទ្ទិសដល់ខ្មោច ដែលបានស្លាប់ទៅ ។
សរុបមក ភ្ជុំបិណ្ឌ គឺជាការប្រជុំគ្នារបស់អ្នកស្រុកភូមិខ្មែរ ដើម្បីរៀបចំ ប្រមែប្រមូលបាយ ឬដុំបាយដាក់ស្រាក់ យកទៅវត្ត ប្រភេនព្រះសង្ឃ ឬធ្វើជាពំនូតបាយ ឬដុំបាយដាក់ចានយកទៅវត្ត ដើម្បីប្រគេនព្រះសង្ឃសូត្រធម៌ ឧទ្ទិសកុសលដល់ ខ្មោចទាំងឡាយ ដែលបានស្លាប់ទៅ ដែលអស់លោកទាំងនោះអាចជា បងប្អូន ជីដូន ជីតាឬញាតិកាទាំងប្រាំពីរសណ្តាន។
២. ពាក្យគន្លឹះផ្សេងៗទៀត នៅក្នុងពេលភ្ជុំបិណ្ឌ
• បាយបិតបូរ៖ គឺជា ដុំបាយ ឬពំនូតបាយរាងស្រួចដូចសាជី ដែលមានគម្របស្លឹកចេកគ្របពីលើ មានចោះកំពូល ទុកដោតទៀន ធូបនិងផ្កាសម្រាប់ឧទ្ទិសដល់ខ្មោច ដែលបានស្លាប់ទៅ ។
• ថ្ងៃកាន់បិណ្ឌឬថ្ងៃដាក់បិណ្ឌ៖ គេគិតចាប់ពីថ្ងៃ១ដល់១៤រោច ខែភទ្របទ ។
• ថ្ងៃភ្ជុំបិណ្ឌ៖ សំដៅដល់ថ្ងៃ ១៥រោចខែភទ្របទ ដែលអ្នកស្រុកមកជុំគ្នា ធ្វើបុណ្យឧទ្ទិសកុសល ដល់បុព្វការីជន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ។
• ផ្កាបិណ្ឌ៖ សំដៅដល់ពំនូតបាយ មានរាងមូលស្រួចដូចសាជី ដែលនៅលើកំពូលមានគេធ្វើរូបហង្សទ្រទៀន សម្រាប់ អុជរាល់យប់ថ្ងៃកាន់បិណ្ឌ សម្រាប់ជាដង្វាយព្រះចូឡាមុនី ។
• បង្សុកូល៖ សំដៅដល់ការនិមន្តព្រះសង្ឃ សូត្រព្រះអភិធម្ម៧គម្ពីរដោយសង្ខេប ។
• ធម្មទេសនា៖ សំដៅដល់ដំណើរសំដែងធម៌ ដំណើរប្រៀនប្រដៅតាមបែបព្រះពុទ្ធសាសនា ដែលសម្តែងដោយ ព្រះសង្ឃឬព្រះពុទ្ធអង្គ។
• ធម៌បរាភវសូត្រ៖ សំដៅដល់ការសូត្រធម៌ ដែលបានបញ្ជាក់ប្រាប់ ពីសេចក្តីវិនាស ភាពអាប់យស កេរ្តិ៍ឈ្មោះ អាប់មុខ ទាំងឡាយ ។
• ប្រេត៖ មានន័យថា សត្វដែលរស់នៅក្នុងអបាយភូមិមួយពួក ឬអ្នកដែលបានស្លាប់ទៅលោកខាងមុខហើយ ។
• នរក៖ ទីអបាយភូមិ ឬអធោលោក ដែលមានរណ្តៅជាលំនៅនៃសត្វមានបាបនៅរងទុក្ខ តាមកម្លាំងកម្មដែលខ្លួន បានធ្វើ ។
• ទេពតា៖ (ទេព្តា) អមនុស្សដែលជាទិព្យ អមរ ។
• ព្រះ៖ អ្នកប្រសើរលើសលន់ អ្នកដែលជាចម្បង ។
• បណ្តាសា៖ ពាក្យជេរប្រទេច ពាក្យផន្ទា ពាក្យសំបូងសង្រូងឲ្យគេវិនាសហិនហោច ។
• ពរ៖ គុណជាតដ៏ប្រសើរ ដែលគួរប្រាថ្នា គួរចង់បាន គួរជ្រើសរើសតាមគាប់ចិត្ត ។ ពរសព្វសាធុការ ។
តើពិធីបុណ្យមួយនេះកកើតឡើងយ៉ាងដូចម្តេច និងស្របតាមលទ្ធិសាសនាអ្វី ?
ក. ការកកើត
តាមឯកសារទំនៀមទម្លាប់ខ្មែរមួយចំនួន បានបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ បានកកើតនៅលើទឹកដីខ្មែរ តាំងពីយូរលង់ណាស់ មកហើយពោលគឺ កើតតាំងពីសម័យអាណាចក្រខ្មែរមកម្លេះ គឺស្របពេលដែលពុទ្ធសាសនាហូរចូលជាលើកដំបូងមក ក្នុងទឹកដីមួយនេះ ។ តាមសាស្ត្រាអានិសង្សបិណ្ឌមានសេចក្តីថា៖ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ ចំពោះអនាថបិណ្ឌិកសេដ្ឋី ថា អស់ម្តាយឪពុកញាតិកា បងប្អូនកូនចៅ របស់ជនទាំងឡាយ ដែលបានស្លាប់ទៅមុនៗនោះ ទោះទៅកើតឯណាៗក្តី តែដល់រនោចខែភទ្របទដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំនៅពេលនោះ ។ ហេតុតែតេជះអានិសង្ឃនៃបុណ្យ ដែលអស់ញាតិសន្តានបានធ្វើបាយបិណ្ឌ បាយបិតបូរ នាខែភទ្របទ ហើយឧទ្ទិសផលជូនទៅនោះ ពួកគេក៏បានរំដោះ រួចអំពីនរក ប្រេត នោះហោង។
រីឯសត្វនរកប្រេតទាំងឡាយ ដែលមកកាន់មនុស្សលោកក្នុងខែភទ្របទនោះ ប្រេតខ្លះមកកើតជាកណ្តូបខ្មោច ទំយំនៅលើ ដំបូលផ្ទះ ។ ខ្លះទំយំនៅចុងកាត់ផ្ទះ ធ្នឹមផ្ទះ មាត់ទ្វារផ្ទះ ជើងជណ្តើរផ្ទះ ដើមឈើក្បែរផ្ទះ ។ ប្រេតខ្លះទៀតមកដល់ពាក់ កណ្តាលផ្លូវ ខ្លះមកអើតមើលទៅមក ។ ខ្លះបាំងដៃមើលមកពីចម្ងាយ ហើយគិតអាណិតអនិច្ចាខ្លួនថា (ឱអញអើយ! អភ័ព្វអ្វីម្លេះ មកកើតជាប្រេតនរក រងទុក្ខវេទនាយូរឆ្នាំ ហើយកើតសម្រេកគម្លានក្រៃពេក) ។ កាលបើដល់ខែភទ្របទ ដែលជនទាំងឡាយ បានរៀបរណ្តាប់បាយបិណ្ឌ បាយបិតបូរ ឧទ្ទិសផលានិសង្សបញ្ជូនទៅឲ្យ សត្វនរកប្រេតទាំងនោះ ក៏សឹងតែបានរំដោះរួចមកហោង។
ខ. គោលសាសនា
តាមការពិនិត្យពីស្ថានភាពជំនឿជាក់ស្តែង យើងឃើញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺមិនមែនទាក់ទង តែនឹងសាសនាព្រះពុទ្ធ តែមួយនោះទេ គឺពិធីបុណ្យមួយនេះ មានជាប់ទាក់ទងនឹងសាសនាព្រហ្មញ្ញ និងសាសនាជី (ជំនឿលើព្រលឹង) របស់ខ្មែរ យើងដែរ ។ ព្រោះថាតាមធម៌ព្រះពុទ្ធ ការឧទ្ទិសកុសលនានាទៅប្រេតបាន លុះត្រាតែ ទាយកទាយិកាដែលជាកូនចៅ សាច់សាលោហិតរបស់ប្រេត លោកប្រគេចចង្វាន់ទៅព្រះសង្ឃ បន្ទាប់មកឲ្យព្រះសង្ឃលោកសូត្រមន្ត ឧទ្ទិសកុសល ទើបបាន ។
ឯចង្ហាន់ទាំងនោះត្រូវតែបានព្រះសង្ឃលោកឆាន់ខ្លះឬទាំងអស់តែម្តងឬក៏ត្រូវបានបុគ្គលអ្នកមានសីល ជនក្រីក្រ ឬ មហាជនបានពិសាជាដើម ។ សម្រាប់សាសនាព្រាហ្មញ្ញនិងសាសនាជី(ជំនឿលើព្រលឹង) គេច្រើនតែយកចំណីអាហារ ទាំងនោះទៅជូនព្រលឹងអ្នកស្លាប់ផ្ទាល់ៗតែម្តង ដោយគ្រាន់តែមានគ្រូអូមអាម អ្នកអាយលម្ពាយធ្វើពិធីឲ្យនោះ ជាការ ស្រេច ដែលសំណែនខ្លះ ឬស្ទើរតែទាំងស្រុង ព្រះសង្ឃ ឬ មនុស្សដែលមានជីវិតទូទៅ មិនអាចយកមកបរិភោគបាន ឡើយ។
តើពិធីបុណ្យនេះ គេដំណើរការយ៉ាងដូចម្តេចខ្លះ?
ក. របៀបប្រារព្ធបុណ្យភ្ជុំបិណ្ឌ
តាមទំនៀម គេធ្វើពិធីបុណ្យភ្ជុំបិណ្ឌចំនួន ១៥ ថ្ងៃ គឺចាប់ផ្តើមធ្វើតាំងពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោចខែភទ្របទ ។ ពីថ្ងៃ ១រោចដល់១៤រោច គឺថ្ងៃកាន់បិណ្ឌ ឬថ្ងៃដាក់បិណ្ឌ ។ ថ្ងៃ១៥រោច គឺថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះ អ្នកស្រុកតែងមកប្រជុំគ្នា ធ្វើនៅក្នុងវត្តគ្រប់ៗគ្នា ។ កាលពីបុរាណកាល បុណ្យភ្ជុំបិណ្ឌ គឺមានរយៈពេល ៣ខែឯណោះ គឺស្របពេលនឹងរដូវចូល វស្សាដែរ ។ តែក្រោយមក ដោយប្រជាជន ពុទ្ធបរិស័ទ ជាប់មមារញឹកនឹងកិច្ចការរស៊ីចិញ្ចឹមជីវិតខ្លាំងពេក ទើបគេសម្រេច ធ្វើត្រឹម ១៥ ថ្ងៃនេះវិញ ។
ពាក្យថា បិណ្ឌ បានន័យថា ពំនូតបាយ ដែលគេឧទ្ទិសដល់ខ្មោចដែលបានស្លាប់ទៅ ។ គេដាក់បាយបិណ្ឌក្នុងថាស១ យក ទៅវត្ត។ នៅពាក់កណ្តាល បាយបិណ្ឌ មានបាយ បិតបូរ ដែលគេដាក់លើជើងពានតូចមួយ ។ បាយបិតបូរ ដូចគ្នានឹងបាយ បិណ្ឌដែរ ប៉ុន្តែគេធ្វើរាងស្រួចដូចសាជី ហើយធ្វើគំរបស្លឹកចេកគ្របពីលើ ដោយចោះកំពូលទុកដោតទៀនធូប និង ផ្កា ។ នៅតំបន់ខ្លះ គេធ្វើបាយបិណ្ឌដាក់ក្នុងកន្ទោងចំនួន៨ ព័ទ្ធជុំវិញបាយបិតបូរ ។ ក្នុងកន្ទោងនីមួយៗមានពំនូត បាយបិណ្ឌពី១ ទៅ១៥ដុំ ។
ក្រៅពីតង្វាយផ្សេងៗនៅក្នុងសាលាបុណ្យនៃវត្ត គេនាំគ្នារៀបចំតុបតែងធ្វើ ផ្កាបិណ្ឌ ដែលមានរាងមូលស្រួចដូចសាជី ។ នៅលើកំពូលផ្កាបិណ្ឌ គេធ្វើរូបហង្សទ្រទៀន ដែលគេអុជរាល់យប់នៅពេលកាន់បិណ្ឌ ។ គេថា ផ្កាបិណ្ឌ នេះជាតង្វាយ ចំពោះ ព្រះចូឡាមណីចេតីយ ។
មុនថ្ងៃភ្ជុំបិណ្ឌ១ថ្ងៃ គឺថ្ងៃ១៤រោចនៅតាមផ្ទះនីមួយៗ គេនិយមធ្វើនំអន្សម នំគមសម្រាប់យកទៅប្រគេនលោក ឧទ្ទិសដល់ អ្នកដែលបានស្លាប់ទៅហើយផង ចែកចាយដល់អ្នកជិតខាង ឬមិត្តភក្តិផង ។ នៅពេលយប់នៃថ្ងៃនោះ នៅឯវត្តមានពិធី បង្សុកូលជូនវិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិតទៅហើយ មានការសូត្រធម៌ និងការសម្តែងធម្មទេសនារហូតដល់ភ្លឺ។ លុះស្អែកឡើង ថ្ងៃ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនៃពិធីភ្ជុំបិណ្ឌ ហើយដែលជាថ្ងៃសំខាន់ជាងគេ អ្នកស្រុក គ្រប់ផ្ទះនាំគ្នាទៅប្រជុំនៅវត្ត។ អ្នកខ្លះកាន់បាយបិណ្ឌ បាយបិតបូរ ខ្លះកាន់នំអន្សម នំគមនិងនំចំណីផ្សេងៗ ខ្លះទៀតកាន់ ចានស្រាក់ដាក់ចង្ហាន់ទៅប្រគេន ព្រះសង្ឃ ។
ក្រៅពីពិធីភ្ជុំបិណ្ឌដែលធ្វើនៅវត្ត មានពិធីសែនព្រេននៅតាមផ្ទះនៅវេលាព្រលប់នៃថ្ងៃបង្ហើយនោះដែរ។ នៅកណ្តាល ផ្ទះល្វែង គេក្រាលកន្ទេល ដាក់ខ្នើយនៅក្បាលកន្ទេល រួចយកសំពត់សមកក្រាលពីលើខ្នើយនិងកន្ទេលនោះ។ ពេលនោះ គេរៀបថាស ម្ហូបនំចំណី បាយបិណ្ឌ បាយបិតបូរ ផ្តិលទឹក ពានស្លាម្លូ ពានបារី។ គ្រួសារទាំងអស់មកអង្គុយជុំវិញរណ្តាប់ ទាំងនោះ ហើយមេគ្រួសារអុជទៀនធូបអញ្ជើញវិញ្ញាណក្ខន្ធដូនតាមកពិសាក្រយ៉ានេះ ហើយសុំឲ្យជួយថែរក្សាកូនចៅ នៅរស់ ឲ្យបានសុខសប្បាយ ផង ។ លុះព្រឹកឡើង គេរៀបដាក់នំចំណីក្នុងកូនទូកធ្វើអំពីដើមចេកហើយបណ្តែតលើទឹក ដើម្បីជូនដំណើរដូនតាទៅវិញ ។
ខ. កំណត់សំគាល់
១. ហេតុអ្វីបានជាគេនិយមធ្វើបុណ្យភ្ជុំបិណ្ឌ ក្នុងរនោចខែភទ្របទ? គម្ពីរនានាខាងពុទ្ធសាសនាបានចែងថា មនុស្សចិត្ត អាក្រក់ ដែលបានធ្វើអំពើបាបផ្សេងៗ លុះស្លាប់ទៅតែងទៅកើត កំណើតមួយហៅថា ប្រេត ។ គម្ពីរមិលិន្ទប្បញ្ហា សំដែងថា ប្រេត មាន៤ពួកគឺ៖
• ប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម
• ប្រេតដែលស្រេកឃ្លានអាហារជានិច្ច
• ប្រេតដែលភ្លើងឆេះជានិច្ច
• ប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ ។
គឺពួកប្រេតទី៤នេះហើយដែលគេតែងធ្វើបុណ្យភ្ជុំបិណ្ឌ ឧទ្ទិសផល ឬសែនឲ្យ គេនិយមរើសចំថ្ងៃរនោចខែភទ្របទ ព្រោះ ពេល វេលានោះ ព្រះចន្ទពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ ។ ឱកាសនោះហើយដែលយមរាជដោះលែង ពួកប្រេត ទាំងនោះ ឲ្យ មករស់នៅលាយឡំជាមួយមនុស្ស ចាំទទួលភាគផល ដែលបងប្អូនកូនចៅធ្វើបុណ្យឧទ្ទិសឲ្យ ព្រោះប្រេត ខ្លាចពន្លឺណាស់ ។ ប្រសិនបើក្នុងរយៈ១៥ ថ្ងៃ ពួកប្រេតបានដើររកគ្រប់៧វត្ត ពុំឃើញមានបងប្អូនណា ធ្វើបុណ្យបញ្ជូន កុសលទៅឲ្យទេ ពួកប្រេតនោះ នឹងអត់បាយ អត់ទឹកស្រេកឃ្លាន រងទុក្ខវេទនាក្រៃលែង ហើយនឹងជេរប្រទេចផ្តាសាមក ញាតិកាទាំងឡាយឲ្យហិនហោច ទ្រព្យ សម្បត្តិ ព្រាត់ប្រាស់ ម្តាយឪពុក ប្តីប្រពន្ធ កូនចៅ ញាតិផៅ សណ្តានជាដើម ។
២. ការបោះបាយបិណ្ឌ៖ គេនិយមទៅបោះបាយបិណ្ឌនៅឯវត្តវេលាទៀបភ្លឺ ដោយគេជឿថា ធ្វើបែបនេះពួកប្រេតទទួល បានដោយផ្ទាល់។ ព្រមគ្នាជាមួយនឹងព្រះសង្ឃសូត្រធម៌ ពួកពុទ្ធបរិស័ទទាំងអស់ កាន់ចានបាយបិណ្ឌរៀងៗខ្លួន ដើរតម្រង់ ទៅព្រះ វិហារដើម្បីធ្វើពិធី បោះបាយបិណ្ឌ ។ ពេលដើរជុំវិញព្រះវិហារនោះ គេត្រូវដុតធូបប្រាំសរសៃ ដាក់នៅលើចាន បាយបិណ្ឌ ។ ដើរបានមួយជុំ អាចារ្យប្រកាសថា អនុមោទនាលើកអើយ!! ។ ទាំងអស់គ្នាស្រែកថា៖ សាធុ!។ រួចគេចាប់ យកបាយ១ដុំដាក់ទៅលើដី ឬបោះទៅទីឆ្ងាយ ហើយដោតធូបមួយសរសៃ ឬផ្កាផ្សេងៗ១ទងនៅលើដីដែរ។ គេធ្វើបែបនេះ គម្រប់៣ដង ។ រីឯបាយបិណ្ឌនិងធូបនៅនៅសល់ គេនាំយកតាមអាចារ្យ ដែលអញ្ជើញចេញទៅក្រៅវត្ត ទៅកាន់ទីដែល នៅជិតខ្ទមអ្នកតា ឬក្រោមដើមឈើធំៗហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះ ទៅលើដីដើម្បីឲ្យខ្មោចដែលគ្មាន បងប្អូន ធ្វើបុណ្យបញ្ជូនឲ្យ ។ អាចារ្យហាមមិនឲ្យលាងចាននិងដៃនៅទីនោះឡើយ ។ បន្ទាប់មក អាចារ្យ ធ្វើពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឲ្យប្រែត ទាំងនោះដែលមកចាំទទួលដែរ តែគ្មានញាតិសណ្តានឧទ្ទិសឲ្យ។ ក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌ ពុទ្ធបរិស័ទតែងបានស្តាប់ព្រះសង្ឃ សូត្របទបរាបរាភវសូត្រ ។
ហេតុអ្វីបានជាជនជាតិខ្មែរ មានការគោរពបូជា ចំពោះពិធីបុណ្យមួយនេះ ខ្លាំងម្លេះ?
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលមានសារសំខាន់ ទាំងសម្រាប់អ្នកស្លាប់ និងទាំងអ្នកដែលកំពុងរស់នៅ៖
ក. សម្រាប់អ្នកដែលបានស្លាប់ទៅហើយ (ប្រេត)
• ជាឱកាសនៃការដោះលែង ព្រលឹងពីឋានយមរាជ (ឋាននរក) មកឋានកណ្តាល (ឋានមនុស្សលោក) ដើម្បីមក ជួបកូនចៅទទួលផលបុណ្យ ដែលកូនចៅឧទ្ទិសជូនក្នុងរដូវភ្ជុំបិណ្ឌ ។
• ជាថ្ងៃដែលកូនចៅមករំឭកឈ្មោះ ដឹងគុណនៃអ្នកដែលបានស្លាប់ទៅនៅឯវត្ត ។
• ជាថ្ងៃនៃការសុំអភ័យអ្នកស្លាប់ ឬការឲ្យអភ័យពីអ្នកដែលកំពុងនៅរស់ ចំពោះអ្នកដែលបានស្លាប់ទៅ ។
• ជាថ្ងៃនៃការទទួលបានការអនុគ្រោះ ស្រោចស្រង់ពីព្រះពុទ្ធសាសនា ។
ខ. សម្រាប់អ្នកដែលនៅរស់
សំរាប់ព្រះសង្ឃ៖
• ជារដូវកាលនៃការសម្តែងធម្មទេសនា អំពីធម៌វិនាសទាំងឡាយ ឲ្យដល់ពុទ្ធបរិស័ទលោកបានជ្រាប និងបាន ជៀសវាងផង។
• ជាឱកាសនៃការបញ្ចេញសមត្ថភាព ខាងធម៌វិន័យដ៏ល្អផូរផង់របស់ពុទ្ធសាសនា ឲ្យមហាជនលោកបានឃើញ។
• ជាឱកាសនៃការទទួលចង្ហាន់ ដោយពីពុទ្ធបរិស័ទ ដោយមិនចាំបាច់ចេញទៅបិណ្ឌបាតខាងក្រៅវត្ត ។
• ជាពេលវេលាដែលព្រះសង្ឃលោកបានទទួលបច្ច័យនានា សម្រាប់កសាងវត្តអារាម ឲ្យកាន់តែមានការរីកចម្រើន ឡើង ។
• ជាឱកាសដែលព្រះសង្ឃលោកបសូត្រធម៌ សម្តែងព្រះធម៌ដើម្បីរំដោះប្រេតចេញពីភពអវចី ។
• ជាឱកាសនៃការបង្ហាញពីសាមគ្គីភាព នៃអ្នកកាន់ព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ។
ពុទ្ធបរិស័ទនិងមហាជននានា៖
• ជាពេលវេលាដែលបង្ហាញឲ្យឃើញ ពីទឹកចិត្តសប្បុរស សណ្តានចិត្តទូលាយរបស់ជនជាតិខ្មែរពោលគឺ ធ្វើបុណ្យ ចំពោះមនុស្សទូទៅ ដោយមិនប្រកាន់និន្នាកា ពូជសាសន៍ សាសនា នយោបាយ ឬវណ្ណៈអ្នកមានអ្នកក្រ និងសូម្បី អ្នកនៅរស់ ឬអ្នកស្លាប់ឡើយ ។
• ជាឱកាសនៃការសង្រួមកាយ វាចារ ចិត្តឲ្យបានជ្រះថ្លាក្នុងធម៌ព្រះពុទ្ធសាសនា តាមរយៈការធ្វើបុណ្យ ដាក់បាត ដល់ព្រះសង្ឃ ការចែកទានមានអាហារជាដើមជូនដល់អ្នកក្រ កម្សត់ទុគ៌ត ការធ្វើជាអំណោយទាន ដល់បុព្វការីជន ដែលកំពុងនៅរស់ ។
• ជាពេលវេលានៃការសុំខមាលទោស ពីបុព្វការីជនទាំងឡាយដែលបានស្លាប់ទៅ ។
• ជាឱកាសនៃការធ្វើបុណ្យ ដើម្បីរំដោះជនជាទីស្រលាញ់ ដែលបានស្លាប់ទៅចេញពីឋានយមរាជ (ឋាននរក) ឲ្យមានសេរីភាព បានទៅកើតក្នុងសុគតិភពវិញ ។
• ជាពេលវេលានៃការរួបរួមសាមគ្គីភាពគ្នា នៃបងប្អូនញាតិការទាំងប្រាំពីរសន្តាន និងអ្នកស្រុកពុទ្ធបរិស័ទជាដើម ។
ចំណាប់អារម្មណ៍ផ្សេងៗទៀត
វេនកាន់បិណ្ឌ៖
ពិធីបណ្តែតប្រទីបសម្រាប់ដូនតាដែលបានមរណៈកាលទៅ៖ តាំងពីបុរាណកាលមករហូតដល់សព្វថ្ងៃ មានប្រជាជន ក្នុងភូមិស្រុកមួយ ដែលនៅប្រកាន់ខ្ជាប់ពិធីសែនព្រេន នៅតាមផ្ទះក្នុងថ្ងៃភ្ជុំបិណ្ឌ ភូមិស្រុកនោះមានឈ្មោះថា ភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពុងឆ្នាំង ។ របៀបនៃការធ្វើពិធីនេះមានដូចតទៅ៖ នៅពេលរសៀលនៃថ្ងៃបុណ្យភ្ជុំ អ្នកស្រុ កគ្រប់ផ្ទះតែងរៀបចំ តុបតែងលម្អទូកតូចៗដែលគេច្នៃពី ដើមគរ ដើមស្នោ ស្រទបចេក ដើមចេកឬដើមកំប្លោកមួយឬពីរ យ៉ាងស្អាតបាត ។ បន្ទាប់មកគេក៏មានរៀបចំ ច្រកភោគផល សម្លៀកបំពាក់និងម្ហូបអាហារ មាន ស្រូវ អង្ករ ល្ងរ សណ្តែក ប៊ីចេង ម្រេច ខ្ទឹម អំបិល ត្រីងៀត ត្រីឆ្អើរ ស នំគម នំអន្សម នំចក្កច័ន ម្លូរ ស្លា បារី កំបោ ជាកញ្ចប់តូចៗសមល្មម ដែលទូក តូចៗទាំងនោះ អាចចំណុះបាន (បរិមាណជានិមិត្តរូប នៃស្បៀងអាហារ និងភោគផលខ្មែរ) ។ ឯលើទូកទៀតសោត គេមានតុបតែងលម្អដោយភ្លើងពណ៌ ទៀន ធូប ចង្កៀង ផ្កាធ្វើពីក្រដាសឬក្រណាត់ចម្រុះពណ៌ ។
ក្រោយពីគេរៀបចំទូក បានស្អាតរួចរាល់ហើយ គេក៏យកទូកនិងរបស់របរទាំងនោះ ទៅដាក់នៅកណ្តាលផ្ទះល្វែង ដោយ មានក្រាលកន្ទេល ដាក់ខ្នើយនៅក្បាលកន្ទេល រួចយកសំពត់សមកក្រាលពីលើខ្នើយ និងកន្ទេលនោះ ។ ពេលនោះ គេរៀបថាស ម្ហូបនំចំណី បាយបិណ្ឌ បាយបិតបូរ ផ្តិលទឹក ពានស្លាម្លូ ពានបារី ។ គ្រួសារទាំងអស់ មកអង្គុយជុំវិញរណ្តាប់ ទាំងនោះ ហើយមេគ្រួសារអុជទៀនធូប អញ្ជើញវិញ្ញាណក្ខន្ធដូនតា មកពិសាក្រយ៉ានេះ ហើយសុំឲ្យជួយថែរក្សា កូនចៅ នៅរស់ ឲ្យបានសុខសប្បាយ ផង ។ លុះព្រឹកឡើង គេរៀបដាក់នំចំណី ក្នុងកូនទូកធ្វើអំពីដើមចេក ហើយបណ្តែតលើទឹក ដើម្បីជូនដំណើរដូនតាទៅវិញ ។ មុននឹងទៅដល់កំពង់ទឹក ក្នុងវេលាម៉ោង ៣ទៀបភ្លឺ អ្នកស្រុកភូមិទាំងអស់ បាននាំគ្នា ក្រោកឡើង ប្រកូកប្រកាសគ្នីគ្នា ដើម្បីយកទូកដូនតាទៅប្រជុំគ្នានៅកណ្តាលភូមិ បន្ទាប់មកម៉ោងប្រហែល ៤ភ្លឺនៃយប់ថ្ងៃ ភ្ជុំបិណ្ឌ គេក៏នាំគ្នាដង្ហែទូកទាំងនោះ យកទៅបន្តែតនៅមាត់ទន្លេ ។ ថ្ងៃនេះជាថ្ងៃដែលសប្បាយបំផុត សម្រាប់អ្នកស្រុក ភូមិនេះ ។

សសៃធូបដែលដោតលើពំនូកបាយបិណ្ឌ សំរាប់ប្រេតដែលគ្មានញាតិ។ រូបថត D.KEO/MONOROOM.info
ការសូត្រធម៌បរាភវសូត្រ៖ ជារៀងរាល់យប់ ពេលទៀបភ្លឺក្នុងរដូវភ្ជុំបិណ្ឌ នៅគ្រប់វត្តអារាមនានា ទូទាំងព្រះរាជាណាចក្រ កម្ពុជា គេតែងឮសម្លេងសូត្រធម៌បរាភវសូត្រជានិច្ច ដែលធម៌ទាំងនេះ គឺជាការរំឭកដាស់តឿនដល់ពុទ្ធបរិស័ទទាំងឡាយ ឲ្យខិតខំវៀរចាកអបាយមុខទាំងពួង រួមមាន ស្រី ស្រា ល្បែង ភាពខ្ជិលច្រអូសធ្វើការនិងរៀនសូត្រ ការសេពគប់អសប្បុរស ការប្រកាន់ធម៌អគតិជាដើម ។ បុគ្គលដែលឈ្លាសវៃតែងត្រងត្រាប់ស្តាប់ធម៌នេះដោយយកចិត្តទុកដាក់ជាទីបំផុត។ ព្រោះ បើបុគ្គលណាដែលបានយល់ និងត្រាប់តាមការហាមឃាត់ នៃធម៌នេះហើយ បុគ្គលនោះតែងតែជួបនូវសេចក្តីសុខចម្រើន ជានិច្ច ។
ការសម្តែងធម្មទេសនា៖ ធម៌ទេសនារបស់ព្រះពុទ្ធសាសនា ជាធម៌ដែលនាំឲ្យមនុស្សគ្រប់រូប បានឈានដល់សេចក្តី ថ្កុំថ្កើង ចម្រើនរុងរឿងក្នុងជីវិត មិនថាជាតិនេះនិងជាតិក្រោយ ។ អាស្រ័យហេតុនេះហើយ បានជាព្រះសង្ឃលោកមាន តួនាទី ជាអ្នកអប់រំ រំឮកដាស់តឿនពុទ្ធបរិស័ទជានិច្ច តាមរយៈការសម្តែងធម្មទេសនា។ ក្នុងរដូវបុណ្យភ្ជុំដោយពុទ្ធបរិស័ទ ខ្មែរ ភាគច្រើន មានពេលទំនេរពីការងារស្រែចម្ការ ទើបបានជាពួកលោកមានឱកាស នឹងបានស្តាប់ធម្មទេសនា ស្ទើរតែ រៀងរាល់ថ្ងៃ នៃពិធីបុណ្យដ៏សំខាន់មួយនេះ ។ យុវជន កុមារា កុមារី និង ពុទ្ធបរិស័ទទាំងឡាយ គួរតែត្រងត្រាប់ស្តាប់ ព្រះធម៌ទាំងអស់នេះ ឲ្យបានច្រើនសម្រាប់ជាប្រយោជន៍ដល់ខ្លួនឯងផង និងដល់ប្រទេសជាតិផង ។
ប្រពៃណីលេងកម្សាន្តផ្សេងៗក្នុងរដូវភ្ជុំបិណ្ឌ៖ ក្រៅពីការធ្វើបុណ្យទាន ភ្ជុំបិណ្ឌបានក្លាយទៅជាពេលវេលា នៃកម្លោះ ក្រមុំ ញាតិមិត្តទាំងឡាយ បានជួបជុំគ្នាសប្បាយរីករាយ តាមរយៈ ការរាំកម្សាន្តតាមបែបប្រជាប្រិយខ្មែរ ការប្រណាំងគោ ក្របី សេះ ការបោកចម្បាប់ ការហូបចុកជុំគ្នាជាដើម ។ រដូវភ្ជុំបិណ្ឌអាចនិយាយបានម្យ៉ាងទៀតថា ជាពេលវេលានៃ ការផ្សព្វផ្សាយសម្លៀកបំពាក់ ម្ហូបអាហារនិងនំចំណីបែបប្រពៃណីខ្មែរទៀតផង ។
ចំណីអាហារដែលគេនិយមធ្វើក្នុងរដូវភ្ជុំបិណ្ឌ៖ ក្រៅពីបាយសម្ល ដូចជា បាយស បាយបិណ្ឌ សម្លកកូរ សម្លសម្លក់ សម្លប្រហើរ សម្លឆា ប្រហុកខ្ទិះ ទឹកគ្រឿង ត្រីងៀត ត្រីអាំង ត្រីឆ្អើរ ខ្មែរនៅមានរៀបចំនំចំណីនិងផ្លែឈើជាច្រើនទៀត ដូចជា នំអន្សម នំគម នំអាកោ នំកង នំក្រូច នំពងអន្សង នំកំពង នំផ្លែថ្នឹង នំលោកខែ ចេក មៀន ក្រូច…។
កិច្ចការដែលគួរធ្វើសម្រាប់ពុទ្ធបរិស័ទ៖ ដើម្បីឲ្យព្រះពុទ្ធសាសនាកាន់តែចម្រើនរុងរឿង ពុទ្ធបរិស័ទទាំងឡាយ គួរតែប្រតិបត្តិ ឲ្យបានខ្ជាប់ខ្ជួនតាមបទបញ្ញាតិនានា របស់ព្រះពុទ្ធអង្គដែលលោកបានចែង ។ លោកអ្នកគួរតែជម្រះ ឲ្យបានស្អាត នូវក្តីមន្ទិលសង្ស័យទាំងឡាយចេញពីក្នុងខ្លួនលោកអ្នក ។ របៀបរបបនៃពិធីបុណ្យភ្ជុំបិណ្ឌ ដ៏ថ្លៃថ្នូរ ទាំងឡាយរបស់ខ្មែរ យើងគួរតែរក្សាទុកឲ្យបានល្អ និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងជួយផ្សព្វផ្សាយបន្ថែមទៀត ឲ្យបានកាន់តែទូលំទូលាយជាងនេះ។
រឿងរ៉ាវដែលទាក់ទងនឹងពិធីភ្ជុំបិណ្ឌ៖
• ល្ខោននិយាយ រឿងទឹកស្ងួតកន្ទួតមួយដើម៖ កាលពីទសវត្សរ៍ ឆ្នាំ៨០ និង៩០ វិទ្យុជាតិកម្ពុជាតែងតែបានចាក់ផ្សាយ មិនដែលអាក់ខានម្តងណាឡើយ អំពីរឿងរ៉ាវដែលទាក់ទងនឹងបុព្វហេតុ នៃពិធីបុណ្យភ្ជុំបិណ្ឌដ៏សំខាន់មួយនេះ រឿងមួយនោះ គឺ រឿងទឹកស្ងួតកន្ទួតមួយដើម ។ រឿងមួយនេះ បានទទួលការពេញនិយមជាច្រើន ពីសំណាក់មិត្ត អ្នកស្តាប់ ។ សង្ឃឹមថា វិទ្យុជាតិកម្ពុជានឹងបង្កើត ឲ្យមានកម្មវិធីនេះឡើងវិញ នាថ្ងៃណាមួយមិនខាន ។
• កំណាព្យ ទំនួញប្រេត ស្មូត្រដោយ លោក គុជ សុខា៖ នៅក្នុងសតវត្សរ៍ទី ២១នេះ ខ្មែរមានអ្នករក្សាទំនៀមទម្លាប់ និងជាអ្នកស្មូត្រកំណាព្យខ្មែរដ៏ល្បីម្នាក់នោះគឺ លោក គុជ សុខា ជាពិសេសកំណាព្យបទ ទំនួញប្រែត ។ រាល់រដូវ បុណ្យភ្ជុំម្តងៗ គេតែងស្តាប់ឮជានិច្ចនៅស្ទើរគ្រប់ផ្ទះ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជានូវ កំណាព្យទំនួញ ប្រែតរបស់លោក ។ វាជាការរំឭកដាស់តឿន ដល់អ្នកជំនាន់ក្រោយទាំងឡាយ ឲ្យវៀរចាកនូវធម៌វិនាសទាំងឡាយ និងប្រាប់កូនចៅឲ្យចេះដឹងគុណឪពុកម្តាយដែលនៅរស់ និង ត្រូវចេះធ្វើបុណ្យកុសលឧទ្ទិស ជូនដល់អ្នកដែល បានស្លាប់ ឲ្យបានរួចផុតពីកម្មពៀរវេរា ។ កំណាព្យនេះ ក៏ជាការប្រាប់ឲ្យដឹងផងដែរ ពីទុកវេទនារបស់ប្រេត នៅឋាន យមរាជ ។
សរុបសេចក្តីមក បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏សំខាន់ផុតមួយរបស់ខ្មែរ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ បានបង្ហាញ នូវអត្តសញ្ញាណ របស់ជាតិខ្មែរតាំងតែពីបុរាណកាលមក ។ ដើម្បីឲ្យពិធីបុណ្យមួយនេះ នៅតែមានប្រជាប្រិយភាព យូរអង្វែងទៅមុខទៀតនោះ ពុទ្ធបរស័ទរួមទាំងប្រជាជនខ្មែរទាំងមូលគួរតែធ្វើអ្វីៗ កុំឲ្យឃ្លាតឆាកពីប្រពៃណីខ្មែរ កុំឲ្យ ឃ្លាតចាកពីក្រមសីលធម៌ គុណធម៌ សុជីវធម៌ សុភាវធម៌និងមនុស្សធម៌។ ព្រះសង្ឃទាំងឡាយ គួរប្រតិបត្តិធម៌វិន័យ ឲ្យបានខ្ជាប់ខ្ជួនតាមពុទ្ធបញ្ញាតិ។ អ្នកមានធនធានទាំងឡាយ គួរតែចូលរួមក្នុងការបរិច្ចាគទានដល់ជនក្រីក្រ អ្នកកម្រត់ ទុគ៌ត អ្នកល្ងិតល្ងង់ដែលគ្នាកំពុងមានជីវិតរស់នៅ។ មហាជនទូទៅគួរតែប្រកាន់នូវ អាកប្បកិរិយា ស្លូតបូត សុភាព រាបសារចំពោះអ្នកដទៃ។ យុវវ័យ គួរលះបង់ចេញឲ្យអស់នូវសេចក្តីខ្ជិលច្រអូស អំពើហឹង្សា ការសេពគប់មិនល្អដែល ទាំងនេះជាឫសគល់នៃការសេចក្តីវិនាសទាំងពួង។ សម្រាប់ការស្លៀកពាក់ ការតុបតែង ក៏ដូចជាការៀបចំម្ហូបអាហារ ទៅវត្ត គួរតែរៀបចំបង្ហាញឲ្យបានឃើញ ពីអត្តសញ្ញាណខ្មែរជាដើម។ គ្រប់គ្នា គួរតែមានធម៌មេត្តានៅក្នុងខ្លួនឲ្យបានច្រើន។ បើទោះខ្លួនជាអ្នកក្រឬមានក៏ដោយ គឺគួរតែខិតខំសង្រួមកាយ វាចារ ចិត្ត រៀបចំការប្រព្រឹត្តរបស់ខ្លួនឲ្យបានសមសួនថ្លៃថ្នូរ និងគួរចេះចែករំលែកធនធាន ក្តីស្រលាញ់តាមលទ្ធភាពរៀងៗខ្លួន។ សម្រាប់អ្នកក្របើទោះណាជាខ្លួន ពុំមានទ្រព្យសម្បត្តិ ក៏ដោយ ឲ្យតែការប្រព្រឹត្តិរបស់ខ្លួនបានល្អ ក៏គង់នឹងមានតម្លៃដូចជាអ្នកមានទ្រព្យដូច្នោះដែ។ ធម៌កត្តញ្ញូរ ការតស៊ូព្យាយាម ក្នុងជីវិត ការចែករំលែកចំណេះដឹងក៏ជាទានដ៏ប្រសើរមួយដែរ ។
—————————————-
សម្រង់ពី៖ មនោរម្យព័ងអាំងហ្វូ

12033029_483541925157107_4031640840382604148_n11048715_483541945157105_7723395249123132366_n  12049634_483541895157110_5355040369359476046_n