ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ


(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានខេត្តកំពង់ធំ និងដើម្បីពិភាក្សាលើកិច្ចការចាំបាច់មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានខេត្តកំពង់ធំ ពិសេសការដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម ថោង ខុន, ឯកឧត្តម ស្វាយ ស៊ីថា, ឯកឧត្តម ថោ ជេដ្ឋា, ឯកឧត្តម សុខ សូកេន , ឯកឧត្តម ស៊ុំ សន្និសិទ្ធ, លោកជំទាវ សាយ សំអាត, លោកជំទាវ  ឃួន ឃុនឌី និងឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត-ក្រុង និង ស្រុក ជាច្រើនរូប។

អង្គប្រជុំបានធ្វើការពិភាក្សាលើការតាមដានត្រួតពិនិត្យអនុវត្តផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ពិសេស ការត្រួតពិនិត្យការងារសំខាន់ៗ ដែលត្រូវអនុវត្ត ដើម្បីដណ្តើមជ័យជំនះនិងសម្រេចលទ្ធផលឱ្យបានច្រើនលើសលុបឱ្យលើសពីផែនការរំពឹងទុកជូនគណបក្ស នៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ក៏ដូចជាដើម្បីឱ្យដំណើរការនៃកាបោះឆ្នោតអសកលនេះប្រព្រឹត្តិទៅដោយរលូន ស្របតាម បទបញ្ញាត្តិ, នីតិវិធី និងការណែនាំរបស់ គ.ជ.ប.។ ឯកឧត្តម វង្សី វិស្សុត បានផ្តល់ការណែនាំបន្ថែមពាក់ព័ន្ធនឹងការអនុវត្តផែនការសកម្មភាពសំខាន់ៗមួយចំនួនទៀត ពិសេសពាក់ព័ន្ធនឹងការហែក្បួនបើកយុទ្ធនាការឃោសនាការបោះឆ្នោត ដើម្បីបង្ហាញពីភាពខ្លាំង, ភាពថ្លៃថ្នូរ និងភាពចាស់ទុំ ឱ្យស័ក្កិសម ជាគណបក្សដែលធំជាងគេ និងមានប្រៀបឈ្នះជាងគេ។ ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់ប្រធានក្រុមការងារគណបក្សក្រុង-ស្រុករៀបចំផែនការសកម្មភាព លម្អិតស្របតាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋានរបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានដាក់ចេញនូវការសម្រេច និងគោលការណ៍ណែនាំមួយចំនួន ដើម្បីផ្តល់នូវការតម្រង់ទិស និងការគាំទ្រទាំងស្មារតី សម្ភារៈ និងហិរញ្ញវត្ថុ សំដៅលើកកម្ពស់និងពង្រឹងភាពជា ម្ចាស់ការ, សមត្ថភាព និងអង្គការចាត់តាំងគណបក្សមូលដ្ឋាន ដើម្បីត្រៀមខ្លួនពីចម្ងាយឆ្ពោះទៅដណ្តើមជ័យជំនះឱ្យបានដាច់ខាតនៅក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ ដែលមានជាអាទិ៍៖ (១).ការប្រកាសក្រុមការងារមេធាវីការពារក្តីជូនប្រជាជនក្រីក្រប្រចាំក្រុង-ស្រុកទាំង៩ និងរៀបចំក្រុមការងារផ្នែកច្បាប់នៅថ្នាក់ខេត្ត, (២). ការរៀបចំរចនាសម្ព័ន្ធក្រុមការងារទទួលបន្ទុកកិច្ចការតាមវិស័យសំខាន់ៗមួយចំនួនបន្ថែមទៀត គឺក្រុមការងារកិច្ចការសង្គម និងក្រុមការងារកិច្ចការយុវជន ដោយមានការគិតគូរធ្វើសមារណកម្មប្រមូលកម្លាំងយុវជនឱ្យស្ថិតក្នុងរចនាសម្ព័ន្ធក្រុមការងាររួមមួយ និងពង្រាយកម្លាំងយុវជនដែលជាកម្លាំងបន្តវេន និងជាកម្លាំងជួរមុខឱ្យដល់គ្រប់ភូមិ, (៣).ការរៀបចំមូលនិធិរបស់ក្រុមការងារ និងយន្តការប្រព្រឹត្តទៅរបស់មូលនិធិនេះ ដើម្បីផ្តល់ការគាំទ្រដល់ការអនុវត្តសកម្មភាពការងារ ប្រកបដោយប្រសិទ្ធភាព និងមានចីរភាព (៤).កិច្ចការសាធារណៈមតិពាក់ព័ន្ធនឹងការបោះឆ្នោត និង (៥). ការរៀបចំគម្រោងសាងសង់ទីស្នាក់ការគណបក្សខេត្តថ្មីឱ្យបានឆាប់ ជំនួសទីស្នាក់ការចាស់បច្ចុប្បន្នដែលតូចចង្អៀតមិនអាចឆ្លើយតបបានទៅការងារគណបក្សប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់ក្រុមការងារ និងគណបក្សមូលដ្ឋានលើកសំណើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវ ស្ពាន ប្រឡាយទឹក អគ្គិសនី និងទឹកស្អាត ដើម្បីដាក់ជូនក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន ធ្វើការពិនិត្យវាយតម្លៃ និងរៀបចំបញ្ចូលជាគម្រោងផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តកំពង់ធំទាំងមូល។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងផងដែរ អំពីភាពចាំបាច់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសវិស័យកសិកម្ម និងវិស័យកសិ-ឧស្សាហកម្ម ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្តកំពង់ និងលើកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែធូរធារ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីសក្តានុពល និងឧត្តមភាពប្រៀបធៀបរបស់ខេត្តកំពង់ធំលើដំណាំស្វាយចន្ទី និងបានចាត់តាំងក្រុមការងារមួយ ដើម្បីទទួលបន្ទុក សម្របសម្រួល និងត្រៀមផ្តល់ កិច្ចសហការជាមួយក្រុមការងារពិសេសរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ដែលគ្រោងនឹងចុះមកធ្វើកិច្ចការនេះនាពេលខាងមុខ។ ឯកឧត្តម វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំលើបញ្ហាទឹកសម្រាប់ប្រើប្រាស់ ទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន, ការបង្កបង្កើនផល និងសត្វពាហនៈ ទោះបីចាប់ផ្តើមមានភ្លៀងធ្លាក់កក់ខែខ្លះហើយក្តី។

ឯកឧត្តម វង្សី វិស្សុត បានបន្តណែនាំដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ និងត្រូវបន្តខិតខំបម្រើប្រជាជន ជាពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា, អយុត្តិធម៌សង្គម ពិសេសការដោះស្រាយសំណូមពរ, ក្តីកង្វល់ , សតិអារម្មណ៍ និងបញ្ហាពាក់ព័ន្ធនឹងការស់នៅប្រចាំថ្ងៃ និងការលើកតម្តើងជីវភាពរបស់ប្រជាជន។  ឯកឧត្តមក៏បានបន្តណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ចាត់តាំងអនុវត្តសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានា ស្របតាមស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការបង្រ្កាបនិងទប់ស្កាត់បទល្មើធនធានធម្មជាតិ ពិសេសក្នុងភូមិសាស្រ្តតំបន់បឹងទន្លេសាប និងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ពិសេស បញ្ហា គ្រឿងញឿន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ឯកឧត្តមក៏បានបន្តក្រើនរំលឹកដល់មន្រ្តីបក្សថា ក្នុងការបំពេញភារកិច្ច គឺត្រូវប្រកាន់ខ្ជាប់ និងគោរពឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ហើយបើក្នុងករណីមានការប្រព្រឹត្តខុសឆ្គង គឺត្រូវប្រញាប់កែកំហុសរបស់ខ្លួន ដោយយកតាមអភិក្រម នាំគ្នាឆាប់ដុសក្អែល បើពុំនោះទេ នឹងប្រឈមមុខជាមួយនឹងការវះកាត់ជាក់ជាមិនខានឡើយ៕