ពិធីបិទវគ្គអប់រំនយោយបាយកម្រិត១ជំនាន់ទី៥០ នៅស្នាក់ការគណបក្សស្រុកសណ្ដាន់ ។


នៅរសៀលថ្ងៃអាទិត្យទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ លោក ហូរ ហួត អនុប្រធានគណ:ឃោសនាអប់រំគណបក្សខេត្ត តំណាងឯកឧត្តម ព្រឹម រដ្ឋា ប្រធានគណ:ឃោសនាអប់រំខេត្ត អញ្ជើញចូលរួមបិទវគ្គអប់រំនយោយបាយកម្រិត១ជំនាន់ទី៥០ នៅស្នាក់ការគណបក្សស្រុកសណ្ដាន់ ។
តាមរបាយការណ៍របស់គណបក្សស្រុកសណ្ដាន់ បានបញ្ជាក់ថាវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី ៥០នេះ ត្រូវបានដំណើរការឡើងចាប់ពីព្រឹកថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយសិក្ខាកាមដែលមកទទួលការបំពាក់បំប៉នក្នុងវគ្គនេះមានចំនួន៥០នាក់ ស្រី១៧ នាក់ ជាសកម្មជន យុវជន និងមន្ដ្រីគណបក្ស នៅក្នុងមូលដ្ឋានស្រុកសណ្ដាន់ ឯកសារដែលប្រើប្រាស់ក្នុងវគ្គនេះ មានចំនួន៤ ដូចវគ្គនៅតាមបណ្ដា ក្រុង ស្រុក ដែរគឺ ៖
ឯកសារទី ១ ៖ គណបក្សប្រជាជនកម្ពុជា ប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍ ឧទ្ទេសនាមដោយឯកឧត្តម ព្រឹម រដ្ឋា ប្រធានគណៈឃោសនាអប់រំខេត្ត ។
ឯកសារទី ២ ៖ គោលការណ៍គ្រឹះនៃកម្មវិធីនយោបាយរបស់គណបក្ស ឧទ្ទេសនាមដោយលោក ហូរ ហួត អនុប្រធានគណៈ ឃោសនាអប់រំខេត្ត ។
ឯកសារទី ៣ ៖ ការយល់ដឹងមួយចំនួនអំពីលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា ឧទ្ទេសនាមដោយលោកផា ណង អនុប្រធានគណៈត្រួតពិនិត្យគណបក្សខេត្ត ។
ឯកសារទី៤ ៖ ការកសាងអត្តចរិត និងសីលធម៌ល្អ ប្រពៃរបស់មន្ត្រីគណបក្ស ឧទ្ទេសនាមដោយ លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត និងជាមន្ដ្រីគណៈឃោសនាអប់រំខេត្ត ។
ចំពោះ សិក្ខាកាមដែលត្រូវទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សានៅពេលនេះ មានចំនួន៤៨ នាក់ ស្រី ១៦ នាក់ ក្នុងនេះមន្ត្រី វ័យក្មេង អាយុ ៣៥ ឆ្នាំចុះ មានចំនួន១៣ នាក់, ស្រី៩នាក់ ។
ក្នុងឱកាសនេះបិទវគ្គអប់រំនយោបាយជំនាន់ទី៥០នេះដែរ លោក ហូរ ហួត អនុប្រធានគណៈឃោសនាអប់រំខេត្ត បានបានលើកឡើងថា ការបើកវគ្គអប់រំនយោបាយនេះ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្សហើយ គឺជាកត្តាចាំបាច់បំផុត សម្រាប់មន្ត្រីគណបក្សមូលដ្ឋានគ្រប់រូប គ្រប់ថ្នាក់យកទៅបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗតាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។